កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានអះអាងថា មានយុវជនប្រមាណ ១,៤លាននាក់ បានចុះឈ្មោះចូលរួមបម្រើកងទ័ពកូរ៉េខាងជើង។ ការសម្រេចស្ម័គ្រចិត្តចូលបម្រើទ័ពនេះកើតឡើងក្រោយពីភាពតានតឹងរវាងកូរ៉េខាងជើង-ត្បូងកំពុងតែស្ថិតក្នុងស្ថានភាពកាន់តែក្តៅឡើង។
យោងតាមរបាយការណ៍របស់ KCNA បានអះអាងថា យុវជនក្មេងៗជាច្រើនបានប្តេជ្ញាចិត្តបម្រើកងទ័ពធ្វើសង្រ្គាមប្រឆាំងនិងប្រទេសកូរ៉េខាងត្បូងក្នុងនោះមានយុវជនជាងមួយលាននាក់ បានចុះឈ្មោះក្នុងជួរកងទ័ពរបស់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។
កាលពីឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានធ្វើការអះអាងស្រដៀងគ្នាថាពលរដ្ឋខ្លួនបានស្ម័គ្រចិត្តចូលរួមបម្រើយោធាដើម្បីប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងប្រសិនបើសង្រ្គាមផ្ទុះក្នុងតំបន់ឧបទ្វីបកូរ៉េ។កូរ៉េខាងជើងក៏ធ្លាប់ព្រមានជាច្រើនដងមកហើយថាប្រសិនបើសង្រ្គាមផ្ទុះឡើង នោះកូរ៉េខាងត្បូង នឹងត្រូវរលាយបាត់ពីផែនទី៕