ភ្នំពេញ៖ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុចគីឡូម៉ែត្រលេខ ១៥៤+៧00 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១C ចំណុចគីឡូម៉ែត្រលេខ ៣០+៤00 ក្នុងខេត្តកំពង់ចាម) សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២%។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់លោក បុង ប៊ុនហួន រដ្ឋលេខាធិការ និងជានាយកគម្រោង ត្រូវប្រឹងប្រែងរៀបចំ និងបំពេញចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជាស្ថាពរ នាពេលឆាប់ៗខាងមុខ និងត្រៀមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្ទាប់។
ផ្លូវជាតិដ៏សំខាន់នេះ ផ្នែកខ្លះជាប្រភេទ AC និងខ្លះទៀតជាប្រភេទ DBST ដែលត្រូវបានចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ និងចាប់ផ្តើមសាងសង់ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដោយគ្រោងនឹង បញ្ចប់ការសាងសង់ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខ ពោលគឺមានរយៈពេលសាងសង់៤២ខែ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៧១C ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន ដែលមានទំហំថវិកាជាង ១២៩ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ៕