ភ្នំពេញ៖ ការមានចំណេះដឹងភាសាខ្មែរ គឺមានសារៈសំខាន់ណាស់សម្រាប់យុវជនខ្មែរគ្រប់រូប។ ប៉ុន្ដែការចេះភាសាខ្មែរតែមួយ មិនអាចជួយយុវជនឱ្យទទួលបានឱកាសការល្អប្រសើរ ឱកាសអភិវឌ្ឍខ្លួន ក៏ដូចជាសិក្សាពង្រីកចំណេះដឹងបន្ថែម បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យបាននោះទេ។ ដូច្នេះយុវជនគួរតែមានចំណេះដឹងភាសាអង់គ្លេស បន្ថែមលើភាសាខ្មែរ ដើម្បីទទួលបានឱកាសការងារដែលប្រសើរ ការអភិវឌ្ឍខ្លួន និងការសិក្សាពង្រីកចំណេះដឹងបន្ថែម ជាដើម។
ជួបជាមួយអ្នកសារព័ត៌មាន ស៊ីស៊ីថាមស៍ លោក លី ចាន់ណារិទ្ធ ដែលជាម្ចាស់ស្នាដៃសៀវភៅ«I DO CARE» បានឱ្យដឹងថា កាលដែលលោកសម្រេចចិត្តក្នុងការនិពន្ធសៀវភៅ I DO CARE ជាភាសាអង់គ្លេស គឺចង់ឱ្យយុវជនដែលកំពុងសិក្សានៅមហាវិទ្យាល័យ និងយុវជនដែលត្រៀមខ្លួនទៅបំពេញការងារយកចិត្តទុកដាក់ទៅលើភាសាអង់គ្លេស ពិព្រោះការសិក្សាមិនមែនបញ្ចប់ត្រឹមថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់អនុបណ្ឌិតនោះទេ។ ជាពិសេសនៅពេល យុវជនចាប់ផ្ដើមអនុវត្តការងារ គឺពួកគេនឹងចាប់ផ្ដើមអភិវឌ្ឃខ្លួនជាច្រើនថែមទៀត។ ដូច្នេះប្រសិនបើយុវជនគ្មានចំណេះដឹងភាសាអង់គ្លេសទេ នឹងពិបាកនៅក្នុងការអភិវឌ្ឃខ្លួនបានខ្ពស់។
លោក លី ចាន់ណារិទ្ធ បានបន្ដថា ចំពោះលោកផ្ទាល់ បន្ទាប់ពីលោកបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បើសិនលោកមិនបានរៀនបន្ថែមទៀតទេ ឱកាសដែលលោកទទួលបាននាថ្ងៃនេះ ក៏ប្រហែលជាពិបាកដែរ។ ការរៀននេះ មិនមែនសំដៅលើការរៀននៅក្នុងសាលានោះទេ គឺការរៀនពីបុគ្គលល្បីៗ នៅទូទាំងពិភពលោក។ ដូច្នេះភាសាអង់គ្លេស ធ្វើឱ្យយើងទទួលបានឱកាស និងចំណេះដឹងពីខាងក្រៅបានបន្ថែមទៀត។
ម្ចាស់ស្នាដៃសៀវភៅ I DO CARE រូបនេះបានឱ្យដឹងទៀតថា មានធនធានចំណេះដឹង និងបទពិសោធ ជាច្រើន នៅលើពិភពលោក ដូច្នេះប្រសិនបើយើងមានចំណេះដឹងភាសាអង់គ្លេស យើងអាចមានឱកាសទទួលបានចំណេះដឹងទាំងនេះ តាមរយៈសៀវភៅ វីដេអូ និងផតខាស របស់បុគ្គលល្បី ជាដើម។ លើសពីនេះ ភាសាខ្មែរយុវជនបានរៀនតាំងពីបឋមសិក្សា រហូតដល់មធ្យមសិក្សា ដូច្នេះចំណេះដឹងភាសាខ្មែររបស់ពួកគេ ក៏អាចប្រើប្រាស់ជាផ្លូវការបាន ប៉ុន្ដែដើម្បីពង្រីកចំណេះដឹងបន្ថែមទៀត គឺយុវជនត្រូវការបន្ថែមចំណេះដឹងភាសាអង់គ្លេស។
សូមជម្រាបថា សៀវភៅ I DO CARE គឺជាស្នាដៃនិពន្ធដំបូងរបស់លោក លី ចាន់ណារិទ្ធ ដែលជាជនជាតិខ្មែរដំបូងគេ បានក្លាយជាសមាជិកក្រុម Maxwell Leadership Certified Team ។ សៀវភៅ I DO CARE ជាប្រភេទសៀវភៅសម្រាប់យុវជនដែលត្រៀមចេញបម្រើការងារ បុគ្គលិកដែលកំពុងបម្រើការងារ និងអ្នកដែលត្រៀមខ្លួនធ្វើជាប្រធានផ្នែក ឬទើបនឹងចាប់ផ្តើមដឹកនាំគេ៕