Cctimesw1140xh150cm copy

ប្រធានាធិបតីសិង្ហបុរី ថាធនធានមនុស្សវ័យក្មេងរបស់កម្ពុជា នឹងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សិង្ហបុរី៖ ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam បង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជា ជាកម្លាំងចលករនៃការជំរុញការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ។ ការថ្លែងរបស់ប្រធានាធិបតីសិង្ហបុរីបែបនេះ ធ្វើឡើងក្នុងជំនួបជាមួយសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី។ ក្នុងជំនួបនេះ លោកប្រធានាធិបតីសិង្ហបុរី បានស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកដំបូង ក្នុងនាមជានាយករដ្ឋមន្រ្តី មកកាន់សិង្ហបុរី បន្ទាប់ពីសម្ដេចធិបតីបានចូលរួមក្នុងកម្មវិធីពិសេសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់កាលពីឆ្នាំ២០១៨។

លោកប្រធានាធិបតី សង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយឈានទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជាតិទាំងពីរ។ លោកប្រធានាធិបតី បានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងជាកម្លាំងចលករនៃការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដានុពលផ្សេងៗទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើន ជាពិសេស នៅក្នុងឆ្នាំ២០២៥ ប្រទេសទាំងពីរនឹងរៀបចំខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ហើយប្រទេសទាំងពីរនឹងស្វែងរកនូវកិច្ចសហប្រតិបត្តិការស្តីពីការអភិវឌ្ឍលើគ្រប់ទំនាក់ទំនង ដូចជា ទំនាក់ទំនងធុរកិច្ច វិស័យឯកជន និង ឯកជន រដ្ឋាភិបាល និងរដ្ឋាភិបាល និងទំនាក់ទំនងក្នុងទិដ្ឋភាពផ្សេងទៀត។

សម្តេចធិបតី និងលោកប្រធានាធិបតី ក៏បានពិភាក្សាអំពីយន្តការ និងក្របខណ្ឌគោលនយោបាយនានាសម្រាប់កិច្ចការ ពារដល់បរិស្ថាន ជាពិសេសការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបានភាពធន់របស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចឈានដល់ការសម្រេចបានបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។ ក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងខិតខំពង្រឹកបន្ថែមទំហំវិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជាការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង