ម៉ាឡាវី៖ រថយន្តក្បួនដង្ហែសពរបស់អនុប្រធានាធិបតីប្រទេសម៉ាឡាវី បានបុកអ្នកកាន់ទុក្ខនៅឯភូមិមួយ ដោយបានសម្លាប់មនុស្ស ៤ នាក់ និងរបួស ១២នាក់។ ក្បួនរថយន្តនេះ រួមជាមួយនឹងរថយន្តយោធា ប៉ូលីស និងរថយន្តស៊ីវិលផ្សេងទៀត បានធ្វើដំណើរទៅកាន់តំបន់ Nsipe ដែលជាភូមិកំណើតរបស់លោក Chilima ចម្ងាយ ១៨០ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី Lilongwe ។
យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសបានឲ្យដឹងថាក្បួនរថយន្តបានបើកទៅប៉ះទង្គិចមនុស្សស្រីនិងបុរសពីរនាក់ និងរួមទាំងអ្នកថ្មើរជើងបានបង្កឲ្យអ្នកទាំងនោះរងរបួសក្បាលធ្ងន់ធ្ងរនិងបាក់ឆ្អឹងច្រើនកន្លែងហើយបានស្លាប់ពេលទទួលការព្យាបាលនៅក្នុងមន្ទីពេទ្យ។ អ្នកនាំពាក្យប៉ូលិសលោក Peter Kalaya បានបញ្ជាក់ទៀតថាក្នុងនោះមាន មនុស្ស ១២ នាក់ទៀតបានរងរបួស។
គួរបញ្ជាក់ថាអនុប្រធានាធិបតី ម៉ាឡាវី លោក សូឡូស ក្លូស ឈីលីម៉ា (Saulos Klaus Chilima) បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានធ្លាក់យន្តហោះស្លាប់កាលពីសប្តាហ៍មុនបន្ទាប់ពីរូបលោកបានធ្វើដំណើរទៅ ចូលរួមនៅក្នុងពិធីបុណ្យសពអតីតមន្ត្រីរដ្ឋាភិបាលម៉ាឡាវី មួយរូប ក្នុងនោះក៏មានមន្រ្តីធំៗ៨រូបផ្សេងទៀតផងដែរបានបាត់បង់ជីវិតជាមួយរូបលោក៕