ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី។ សម្តេច ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។
បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា នាយករដ្ឋមន្ត្រីទាំងពីរ ក៏រំពឹងថានឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្រោយពីជំនួបពិភាក្សានោះ នឹងមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ហើយគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការផងដែរ។
ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្ដេចធិបតី នឹងជួបសម្ដែងការគួរសមដោយឡែកពីគ្នាជាមួយ លោក មេន ស្សានមូហ្គារ៉ាត់ណា ប្រធានាធិបតីសិង្ហបុរី និងលោក លី សៀនឡុង ទេសរដ្ឋមន្ត្រីសិង្ហបុរី។
សម្តេចធិបតី នឹងចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា។ សម្តេចធិបតី ក៏នឹងអញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និង មជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណិត (Electronics and Internet of Things) ព្រមទាំងអញ្ជើញទស្សនាអាគារហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel (Keppel ́s Infrastructure@Changi)៕