ភ្នំពេញ៖ យុវជនមកពី ២០ សាកលវិទ្យាល័យ និងវិទ្យាស្ថាន នឹងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ ក្រោមប្រធានបទ កសាងអនាគតប្រកបដោយនវានុវត្តន៍ថ្ងៃនេះ។ កម្មវិធីប្រកួតប្រជែងនេះ នឹងឈប់ទទួលសំណើរ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
គម្រោង «ការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍» រដូវកាលទី២ ក្រោមប្រធានបទ កសាងអនាគតប្រកបដោយនវានុវត្តន៍ថ្ងៃនេះ ត្រូវបានសម្ពោធ នាថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីសហគ្រិនខ្មែរ និងរៀបចំដោយសាកលវិទ្យាល័យខេមតិច។ កម្មវិធីប្រកួតប្រជែងនេះ ក្នុងគោលបំណងផ្ដល់វគ្គបណ្ដុះបណ្ដាល និងបណ្តុះគំនិតសហគ្រិនភាពដល់និសិ្សតដែលចង់ចាប់ផ្តើមធុរកិច្ចថ្មី, ជំរុញនិងបង្កើនបន្ថែមនូវប្រព័ន្ធធុរកិច្ចថ្មីនៅកម្ពុជា, ផ្តល់ជាថវិកាសម្រាប់ការគាំទ្រដល់សិស្សនិស្សិតដើម្បីចាប់ផ្តើមបង្កើតគំនិតធុរកិច្ចថ្មីសាកល្បង និងជំរុញឱ្យគំនិតធុរកិច្ចថ្មីនេះក្លាយជាក្រុមហ៊ុន/អាជីវកម្មផ្នែកបច្ចេកវិទ្យានាពេលអនាគត។
នាកម្មវិធីសម្ពោធនេះ លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមតិច មានប្រសាសន៍ថា រដូវកាលទី២នេះ មាន ខ្ញុំចំនួនទ្វេដងនៃសាកលវិទ្យាល័យ និងសិស្សនិសិ្សតចូលរួម។ ជាពិសេស ការចូលរួមពីបណ្ដាសាកលវិទ្យាល័យ នៅតាមបណ្ដាខេត្ត កើនឡើងខុសពីឆ្នាំមុន ។ ជាមួយគ្នានោះ លោកបណ្ឌិត ឃៀង សុធី ក៏បានលើកទឹកចិត្តសិស្សានុសិស្ស ដែលចូលរួមប្រកួតប្រជែងថា បើទោះបីកម្មវិធីនេះ មានឈ្មោះជាការប្រកួតក៏ដោយ ក៏យើងត្រូវគិតថាវាជាការប្រកួតប្រជែងបែបសហការគ្នា យើងត្រូវដោះស្រាយបញ្ហាជាមួយគ្នា ព្រោះថាពិភពលោកកំពុងតែជួបបញ្ហា ដូចជាបញ្ហា ទាក់ទងជា មួយ នឹងបញ្ញាសិប្បនិម្មិត ការឡើងកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុជាដើម។
ការប្រកួតប្រជែងនេះ នាឆ្នាំ២០២៤នេះ មានការចូលរួមពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ២០ រួមមាន សាកលវិទ្យាល័យខេមតិច, សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា, សាកលវិទ្យាល័យបៀលប្រាយ, បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាបច្ចេកវិទ្យាកម្ពុជា, វិទ្យាស្ថានភាសាបរទេស, សាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យា និងវិទ្យាស្ថានជាច្រើនទៀត។
គម្រោងការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ គឺជាវេទិកាមួយដែលផ្តល់ឱកាសដល់និស្សិតដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះសា្ថនឧត្តមសិក្សា និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាចដាក់ពាក្យចូលរួមការប្រកួតប្រជែងគម្រោងនវានុវត្តន៍បច្ចេកវិទ្យារបស់ខ្លួន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងនេះដែរនិស្សិតដែលនឹងត្រូវជ្រើសរើសចំនួន១០ក្រុមចុងក្រោយនឹងទទួលបានការបណ្តុះ បណ្តាលចំនួន ៨ វគ្គ លើប្រធានបទទាក់ទងនឹងការបង្កើតធុរកិច្ចថ្មី ផែនការអាជីវកម្ម និងពង្រឹងជំនាញ សហគ្រិនភាពរហូតដល់ថ្ងៃធ្វើបទបង្ហាញជាសាធារណៈប្រកួតប្រជែង យកជ័យលាភីទាំង បីក្រុមផងដែរ៕