មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទាមទារឱ្យអ៊ុយក្រែនប្រកាសចុះចាញ់រុស្ស៊ី ប្រសិនបើខ្លួនចង់បើកកិច្ចចរចាសន្តិភាពជាមួយលោក។ ថ្លែងក្នុងសុន្ទរកថាមួយនៅទីក្រុងមូស្គូនៅមុនកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនដ៏សំខាន់នៅប្រទេសស្វីស លោក ពូទីន បាននិយាយថា រុស្ស៊ីនឹងបញ្ឈប់ការវាយលុករបស់ខ្លួនលុះត្រាតែអ៊ុយក្រែនដកទ័ពទាំងស្រុងពីភាគខាងកើត និងខាងត្បូង ហើយប្រកាសឈប់ចូលជាសមាជិកភាពអង្គការណាតូ។
ពូទីនបានថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់អ្នកការទូតរុស្ស៊ីនៅទីក្រុងមូស្គូថា "កងទ័ពអ៊ុយក្រែនត្រូវតែដកចេញទាំងស្រុងពីសាធារណរដ្ឋប្រជាមានិត Donetsk សាធារណរដ្ឋប្រជាមានិត Lugansk តំបន់ Kherson និង Zaporizhzhia ហើយរុស្ស៊ីនឹងធ្វើការចចារសន្តិភាពជាមួយអ៊ុយក្រែនបើអ៊ុយក្រែនយល់ព្រមតាមសំណើររបស់លោក។
ជាការឆ្លើយតបប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានចាត់ទុកការស្នើររបស់ពូទីននេះមិនអាចទទួលយកបាន លោកបញ្ជាក់ទៀតថារដ្ឋធានីក្នុងតំបន់ Kherson និង Zaporizhzhia នៅតែស្ថិតក្នុងដៃរបស់អ៊ុយក្រែន មានន័យថា លោក ពូទីន កំពុងទាមទារឱ្យអ៊ុយក្រែនប្រគល់ទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនជាលក្ខខណ្ឌជាមុនសម្រាប់ការចរចា៕