ឡាវ៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានសម្រេចផ្អាកជើងហោះហើរត្រង់រវាងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ និងទីក្រុងភ្នំពេញ ដែលបានដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៤នេះ។ ការសម្រេចចិត្តនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ឡាវបានដាក់ឲ្យដំណើរការជើងហោះហើរត្រង់បានត្រឹម ៤ ខែប៉ុណ្ណោះ ការផ្អាកនេះដោយសារកំណើនអ្នកទេសចរមានការថយចុះខ្លាំងមិនធ្លាប់មាន។
យោងតាមការចុះផ្សាយរបស់កាសែតឡាវ បានឲ្យដឹងថា ការលុបជើងហោះហើរត្រង់រវាងទីក្រុងវៀងច័ន្ទ និងទីក្រុងភ្នំពេញនេះ បណ្តាលមកពីតម្រូវការទាបនៃការធ្វើដំណើររវាងកម្ពុជា និងឡាវ។ អ្នកជំនាញទេសចរណ៍ បានបញ្ជាក់ថា ការសម្រេចចិត្តផ្អាកនៃជើងហោះហើរត្រង់នេះ បណ្ដាលមកពីលក្ខខណ្ឌទីផ្សាររវាងប្រទេសទាំងពីរ ទើបនាំឱ្យមានការផ្អាកជើងហោះហើរទាំងនេះជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថាជើងហោះហើរត្រង់រវាងវៀងច័ន្ទ-ភ្នំពេញ បានដំណើរការតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០០០ ហើយទើបតែដាក់ដំណើរការម្តងទៀតបាន ៤ ខែប៉ុណ្ណោះក៏បានផ្អាកវិញ៕