ភ្នំពេញ៖ ការចូលរួមផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការចូលរួមលើកទឹកចិត្តឱ្យយុវជនមកចុះឈ្មោះចូលរៀន គឺជាការជួយសង្គមជាតិ។ នេះបើតាមការលើកឡើងរបស់លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បន្ទាប់ពីទទួលបានផ្លែផ្កាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជននៅវគ្គទី១។
លោក កត្តា អ៊ន មានប្រសាសន៍ថា ការចូលរួមផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការចូលរួមលើកទឹកចិត្តឱ្យយុវជនមកចុះឈ្មោះចូលរៀន គឺជាការស្នេហាជាតិ និងជួយសង្គមជាតិដ៏ត្រឹមត្រូវ។ ជាពិសេសពលរដ្ឋម្នាក់ ជួយជំរុញយុវជនឱ្យបានម្នាក់ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈគឺជាការជួយសង្គមជាតិ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យរីកចម្រើន តាមរយៈយុវជនម្នាក់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។
លោក កត្តា អ៊ន បានបន្តថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥លាននាក់ គឺធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារធ្វើសមរម្យ មានប្រាក់ចំណូលអាចទ្រទ្រង់ជីវភាពគ្រួសារ។ ដូច្នេះហើយការជួយជំរុញយុវជន និងសមាជិកគ្រួសារម្នាក់អាចមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសគឺជាការជួយសង្គមជាតិ។
ជាមួយគ្នានោះដែរ លោក កត្តា អ៊ន អំពាវនាវឱ្យយុវជន ក៏ដូចជាពលរដ្ឋកម្ពុជាដែលមិនទាន់បានចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស។
សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់ពីទទួលបានផ្លែផ្កាក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជននៅវគ្គទី១ បច្ចុប្បន្នក្រសួងការងារកំពុងបន្តយុទ្ធនាការកៀរគរយុវជនមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យកាន់តែផុសផុលនៅទូទាំងប្រទេសបន្ថែមទៀត ៕