ម៉ាឡាវី៖ អនុប្រធានាធិបតី ម៉ាឡាវី លោក សូឡូស ក្លូស ឈីលីម៉ា (Saulos Klaus Chilima) បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានធ្លាក់យន្តហោះស្លាប់កាលពីម្សិលមិញបន្ទាប់ពីរូបលោកបានធ្វើដំណើរទៅ ចូលរួមនៅក្នុងពិធីបុណ្យសពអតីតមន្ត្រីរដ្ឋាភិបាលម៉ាឡាវី មួយរូប។ នេះបើយោងតាមការប្រកាសរបស់ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera បានអះអាងនៅល្ងាចថ្ងៃទី ១១ ។
បន្ទាប់ពីការស្វែងរកពេញមួយយប់ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញបំណែកយន្តហោះយោធា ដែលបានដឹកលោក Saulos Chilima និងអ្នករួមដំណើរប្រាំបួនផ្សេងទៀត។ ប្រធានាធិបតីរបស់ប្រទេសម៉ាឡាវី បានប្រកាសថាអនុប្រធានាធិបតីនៃប្រទេសម៉ាឡាវី និងមនុស្សប្រាំបួននាក់ផ្សេងទៀតបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះដោយសារតែអាកាសធាតុមិនអំណោយផល។
លោកប្រធានាធិបតីបានឲ្យដឹងទៀតថាលោក Chilima ជា "បុរសល្អ ជាឪពុក និងស្វាមីដែលមានភក្តីភាព និងជាពលរដ្ឋស្នេហាជាតិដ៏អស្ចារ្យម្នាក់ ដែលបានបម្រើប្រទេសរបស់ខ្លួនអស់ជាច្រើនឆ្នាំ ការស្លាប់បាត់បង់ជីវិតរូបលោកគឺជាការបាត់បង់ធនធានដ៏ធំមិនធ្លាប់មាន។ ការិយាល័យប្រធានាធិបតីម៉ាឡាវី បានប្រកាសកាន់ទុក្ខទូទាំងប្រទេសចំពោះមរណភាពរបស់លោក Saulos Chilima និងមន្ត្រីអមដំណើរចំនួន៩រូបផ្សេងទៀត រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា។ ការស្លាប់របស់លោកនេះក៏ចំពេលដែលលោកនឹងប្រកាសខ្លួនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងឆ្នាំ ២០២៥ ផងដែរ៕