សៀមរាប៖ ស្ថាននីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់ អាចធានាការបណ្តុះកូនឈើ បាន៣លានដើម ក្នុង១ឆ្នាំ គ្រោងនឹងលេចរូបរាង នៅក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» នៃខេត្តសៀមរាប។ ស្ថាននីយបណ្តុះកូននេះ ជាការបង្កើតបន្ថែមពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈ។
ក្នុងឱកាសចុះពិនិត្យទីតាំង និងបង្ហាញប្លង់សាងសង់ កាលពីថ្ងៃទី៧ ខែមិថុនា លោក អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានថ្លែងថា ស្ថានីយបណ្តុះកូនឈើដែលមានលក្ខណៈតំបន់ នឹងសាងសង់ឡើងនៅក្នុងខេត្តចំនួន៥ រួមមានខេត្តសៀមរាប ត្បូងឃ្មុំ មណ្ឌលគីរី កំពង់ស្ពឺ និងកោះកុង ដែលអាចមានសមត្ថភាពបណ្តុះកូនឈើ និងចែកដល់ពលរដ្ឋយកទៅដាំ តាមប្រភេទឈើនីមួយៗដោយឥតគិតថ្លៃ។
លោក អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា ស្ថានីយបណ្តុះកូនឈើខ្នាតតំបន់ នឹងទាក់ទាញឱ្យមានការគ្រប់គ្រងត្រឹមត្រូវ ការសិក្សាស្រាវជ្រាវ និងបង្កើតជាថ្នាលពូជឈើ ជីវៈចម្រុះ និងជាពិសេសការបង្កើតបាន ហេដ្ឋារចនាសម្ព័ន្ធ នៃការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតង បន្ថែមទៀតនៅក្នុងតំបន់។
នៅតំបន់ស្ថានីយបណ្តុះកូនឈើភ្នំគូលែន លោក អ៊ាង សុផល្លែត លើកទឹកចិត្តឱ្យមន្រ្តីឧទ្យានុរក្ស បណ្តុះកូនត្នោតបន្ថែម ដែលបច្ចុប្បន្នគ្រាប់ត្នោតជាច្រើន ត្រូវបានផ្តល់ពីសហគមន៍ ដើម្បីត្រៀមបណ្តុះចែកជូនពលរដ្ឋដាំនៅឆ្នាំក្រោយៗទៀត។ ជាពិសេស ពលរដ្ឋ គួរដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោត តាមរយៈការចែកជូនកូនត្នោត ដាំនៅឆ្នាំក្រោយអាចបាន១លានដើម បន្ថែមពីការដាក់ចេញនូវយុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានគម្របព្រៃកើនឡើងជាង ៦០% នៅឆ្នាំ២០៥០៕