កំពត៖ នាព្រឹកនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមបច្ចេកទេស ផ្នែកអភិរក្សថនិកសត្វសមុទ្រនៃអង្គការ MCC បានទទួលព័ត៌មានអំពីការស្លាប់របស់សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល ក្រោមការណែនាំដោយផ្ទាល់ពី លោកនាយក និងនាយករងខណ្ឌរដ្ធបាលជលផលខេត្តកំពត និងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ ខេត្ដកំពត បានធ្វើការពិនិត្យ និងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ។
ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារបច្ចេកទេស និងតាមរយៈការផ្តល់ព័ត៌មានលម្អិតពីគណៈកម្មការសហគមន៍នេសាទអាចកំណត់បានថា វាជាប្រភេទសត្វផ្សោតគ្មានព្រុយខ្នង (Neophocaena phocaenoides) ដែលជាកំណត់ត្រាប្រភេទថ្មីក្រៅពីប្រភេទផ្សោតចំនួនពីរប្រភេទដែលបានកត់ត្រារួចហើយ នៅក្នុងដែនទឹកសមុទ្ររបស់ខេត្តកំពត។
ក្រុមការងារអភិរក្ស បានបញ្ជាក់ថាវត្ដមានសត្វផ្សោតប្រភេទអត់ព្រុយខ្នងនៅក្នុងដែនសមុទ្រប្រទេសកម្ពុជា ជាកំណត់ត្រាថ្មី ហើយវាក៏ជាលទ្ធផលបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេសប្រភពអាហារ ជម្រកនិងសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់មករស់នៅក្នុងកន្លែងអភិរក្សជលផលសមុទ្រកម្ពុជា។ ក្រុមការងារបច្ចេកទេសនឹងបន្តធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីនេះ ដើម្បីទទួលបានព័ត៌មានកាន់តែទូលាយនិងលម្អិតបន្ថែម និងព្យាយាមការពារថនិកសត្វថ្មីនេះ៕