ភ្នំពេញ៖ គម្រោងដោះទឹក និង ពង្វាងទឹកជំនន់ចេញពីភ្នំពេញ និងតំបន់រណប ក្នុងខេត្តកំពង់ស្ពឺ គិតមកដល់ពេលបច្ចុប្បន្ននេះសម្រេចបានប្រមាណ ៧០%។ ស្ថានីយបូមទឹកនៅភ្នំពេញ មានក្បាលបូម ៦គ្រឿង អាចបូមបាន ៣០ម៉ែត្រគូបក្នុង១វិនាទី ក្នុង១គ្រឿង។ បន្ថែមពីនេះ ទ្វារទឹកស្ទឹងតូច ចាប់ពីខេត្តកំពង់ស្ពឺ ទៅដល់ខេត្តកណ្តាល មានលទ្ធភាពដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី។នេះបើយោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និង ឧតុនិយម។
យោងតាមរបាយការណ៍ ការងារសាងសង់ទ្វារទឹកស្ទឹងតូច និង ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅដល់ភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានលទ្ធភាពដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ ៣០០ ម៉ែត្រគូបក្នុង១វិនាទី។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារនៃអនុគម្រោងសំណង់ទ្វារទឹក និង ប្រព័ន្ធដោះទឹកជំនន់ស្ទឹងតូចសម្រេចបានប្រមាណ ៧០%។
ជាមួយគ្នានេះ ស្ថានីយបូមទឹកសាក់សំពៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានអគារកម្ពស់ ៨ម៉ែត្រ មានទទឹងខាង ២៧ម៉ែត្រ និង បណ្តោយទាំងថ្មការពារជើងទេរមុខក្រោយ ១៥០ម៉ែត្រ មានក្បាលបូម ៦គ្រឿង អាចបូមបាន ៣០ម៉ែត្រគូបក្នុង១វិនាទីក្នុង១គ្រឿង។
ចំពោះការងារស្តារប្រឡាយព្រែកហូរ នៃគម្រោងប្រព័ន្ធស្រោចស្រព និង ការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងខេត្តកណ្តាល ដែលធ្វើការស្តារស្ទឹងព្រែកត្នោត នៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣។ មកដល់ពេលនេះ គម្រោងសម្រេចបានប្រមាណ ៩៥% ហើយគ្រោងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខ៕