ភ្នំពេញ៖ សហគ្រាស ចំនួន៣ នៃខេត្តកំពង់ចាម និងខេត្តកំពង់ធំ បានឈ្នះពានរង្វាន់ជ័យលាភី ក្នុងការប្រកួតប្រជែង «អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤»។ ជាមួយគ្នានោះដែរ ក៏មានសហគ្រាសចំនួន២ ក៏ទទួលបានពានកិត្តិយសម្រាប់អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា២០២៤ ផងដែរ។
ក្រុមហ៊ុន ទទួលបានពានកិត្តិយសសម្រាប់ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា ២០២៤ រួមមាន ក្រុមហ៊ុន សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តព្រះវិហារ, ក្រុមហ៊ុន Mirarth Agri Tech Co.Ltd មកពីខេត្តកំពង់ធំ, និង សហគ្រាស កម្ពុណាត់ អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តកំពង់ធំ។ ចំណែកពានកិត្តិយសម្រាប់អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា២០២៤ ចំនួន ២ រួមមាន សហគ្រាស សុវណ្ណៈមូជិន អាហ្រ្គូ ឯ.ក មកពីខេត្តកំពង់ស្ពឺ និងសហគ្រាស វេហាស៍ ជូស៍ ឯ.ក មកពីខេត្តបន្ទាយមានជ័យ។
ចំណែកឯ សហគ្រាសឈ្នះពានរង្វាន់អ្នកកែច្នៃស្វាយចន្ទីឆ្នើម ២០២៤ រួមមាន ជ័យលាភីលេខ៣ បានទៅលើសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ មកពីខេត្តកំពង់ធំ, សហគ្រាស ៣កូអេកូ មកពីខេត្តកំពង់ធំ បានជ័យលាភីលេខ២ និងជ័យលាភីលេខ១ បានទៅលើសិប្បកម្មគ្រាប់ស្វាយចន្ទី ចំការលើ ឡឹង ម៉ានុត មកពីចំការលើខេត្តកំពង់ចាម។
លោក អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍ថា ការប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយដែលបានបង្កើតនូវឱកាសសម្រាប់សហគ្រាស សិប្បករ រោងចក្រ អ្នកកែច្នៃទាំងអស់ឱ្យបានចូលរួមប្រគួតប្រជែង ដោយបានជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈបច្ចេទេសកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិលើផលិតផលគ្រាប់ស្វាយចន្ទីជាដើម។
សូមជម្រាបថា កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ស្វែងរកសហគ្រាសកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងជំរុញលើកកម្ពស់ការអភិវឌ្ឍន៍វិស័យស្វាយចន្ទី តាមរយៈយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសការកែច្នៃគ្រាប់ស្វាយចន្ទី ការវិភាគសេដ្ឋកិច្ចការកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរស់ជាតិលើផលិតផលគ្រាប់ស្វាយចន្ទី។ កម្មវិធីនេះ បានចាប់ផ្តើមនៅថ្ងៃទី៩ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រឡងមានចំនួនសរុប២០សិប្បករ៕