Cctimesw1140xh150cm copy

ក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ស៊ើបអង្កេតករណីការដោះលែងជនជាតិចិន៨នាក់លួចឆ្លងដែនខុសច្បាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីការដោះលែងជនជាតិចិន ៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់។ គណៈកម្មការចំពោះកិច្ចនេះមានលោក កង សាខន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក ១១នាក់ផ្សេងទៀត។

បើតាមសេចក្តីប្រកាស គណៈកម្មការចំពោះកិច្ចនេះមានភារកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន៨រូប ដែលលួចឆ្លយងដែនខុសច្បាប់ចូលកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល និងត្រូវដឹកនាំសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្រាវជ្រាវករណីចេញដីការបង្គាប់ឱ្យដោះលែងរបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែងចេញលិខិតដោះលែង ដោយមិនបានធ្វើលិខិតប្រគល់-ទទួលជនជាតិចិនឱ្យមន្រ្តីនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា។

ក្រៅពីនេះ គណៈកម្មការចំពោះកិច្ចនេះ ត្រូវធ្វើរបាយការណ៍បូកសរុបអំពីលទ្ធផលនៃការស្រាវជ្រាវជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច និងអនុវត្តផារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់ថ្នាក់ដឹកនាំ។

លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ស៊ីស៊ីថាមស៍ថា ពាក់ព័ន្ធនឹងការបង្កើតគណៈកម្មការចំពោះកិច្ចនេះ គឺមានចាប់ពីថ្ងៃទី២ឧសភាមកម្ល៉េះ មិនមែនទើបតែបង្កើតថ្មីៗនេះទេ ហើយមកដល់ពេលនេះការស៊ើបអង្កេតគឺកំពុងស្ថិតនៅក្នុងការអនុវត្តនីតិវិធី ដូចនេះត្រូវរងចាំការស៊ើបអង្កេតជាមុនសិនទើបអាចបញ្ចាក់ពីលទ្ធផលបាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង