សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសផ្អាកកិច្ចព្រមព្រៀងយោធាដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើងក្នុងឆ្នាំ ២០១៨ ការសម្រចចិត្តផ្អាកនេះធ្វើឡើងភ្លាមៗបន្ទាប់ពីបាឡុងដឹកសំរាមរបស់កូរ៉េខាងជើងជាង ៩០០បាឡុងបានដឹកសំរាម នឹងកាកសំណល់ជាច្រើនទម្លាក់ចូលក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រុងសេអ៊ូលបានព្រមានពីការឆ្លើយតបដ៏ខ្លាំងក្លាចំពោះបាឡុងដែលបានបាញ់បង្ហោះដោយក្រុងព្យុងយ៉ាងដឹកសំរាមទៅកាន់ភាគខាងត្បូងនៃប្រទេសកូរ៉េ។
ក្រុមប្រឹក្សានៃប្រទេសកូរ៉េខាងត្បូងបានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកកិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវសម្រាប់កូរ៉េខាងត្បូងក្នុងការធ្វើការហ្វឹកហ្វឺននៅជិតព្រំដែនយោធាឧបទ្វីបកូរ៉េ និងចាត់វិធានការឱ្យបានគ្រប់គ្រាន់ និងជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់កូរ៉េខាងជើង។ កតិកាសញ្ញាដែលជាកិច្ចព្រមព្រៀងដ៏សំខាន់បំផុតនៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងកូរ៉េទាំងពីរក្នុងឆ្នាំ ២០១៨ ត្រូវបានលុបចោលទាំងអស់ កិច្ចព្រមព្រៀងទាំងនោះបានសំដៅទៅលើការមិនប្រឈមមុខសព្វាវុធដាក់គ្នា នឹងកាត់បន្ថយភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថាថ្មីៗនេះប្រទេសកូរ៉េខាងជើងបានបាញ់បាឡុងរាប់រយដែលធ្វើដំណើរតាមខ្យល់ឆ្លងកាត់ព្រំដែនកូរ៉េ ដែលបានទម្លាក់សំរាមពាសពេញកូរ៉េខាងត្បូង ដែលជាទង្វើដែលត្រូវបានកូរ៉េខាងត្បូង នឹងសម្ពូន្ធមិត្តរបស់ខ្លួនមិនអាចទទួលយកបាន។ កូរ៉េខាងជើងបានឆ្លើយតបថាបាឡុងសំរាមគឺជាការសងសឹកចំពោះយុទ្ធនាការឃោសនាពីអ្នករត់ចោលស្រុក និងសកម្មជនកូរ៉េខាងជើងនៅកូរ៉េខាងត្បូង ដែលតែងតែផ្ញើលិខិតផ្សេងៗប្រឆាំងទីក្រុងព្យុងយ៉ាងអមជាមួយ USB ដែលផ្ទុកទៅដោយវីដេអូចម្រៀង K-pop និងរឿងភាគរបស់ប្រទេសកូរ៉េខាងត្បូង៕