Cctimesw1140xh150cm copy

ក្រសួងបរិស្ថានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទន្លេ និងគាំទ្រការអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន នានាស្តីពីសកម្មភាព បោះសំរាមចោលចូលទន្លេសាប ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ បានពិនិត្យឃើញថា បុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើសច្បាប់ ជាមួយអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានធ្វើការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានការទទួលខុសត្រូវខ្ពស់ និងបានអនុវត្តច្បាប់ ធ្វើការផាកពិន័យនិងទោសទណ្ឌ ចំពោះបុគ្គលដែលបានបោះសំរាម ចោលទៅក្នុងទន្លេក្នុងភូមិសាស្រ្តរបស់ខ្លួន។

ក្នុងពេលនេះដែរ ក្រសួងបរិស្ថាន បានថ្កោលទោសចំពោះ បុគ្គលណាដែលបោះចោលសំរាម សំណល់រឹងទីប្រជុំជននៅលើទីសាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬ ទីកន្លែងដែល រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន ដូចមានចែងក្នុងមាត្រា២០ ត្រូវទទួលការពិន័យជាអន្តរការន៍ជាប្រាក់ និងទណ្ឌកម្ម។

សូមបញ្ជាក់ មាត្រា២០ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានបញ្ជាក់ថា ត្រូវបានហាមឃាត់ជាដាច់ខាតនូវការបោះចោល ឬ ការដុតសំរាម សំណល់រឹងទីប្រជុំជននៅតាមដងផ្លូវ ទីសាធារណៈ ទីវាល តាមប្រព័ន្ធលូ ឬ ប្រភពទឹកសាធារណៈ ឬ ក្នុងដីកម្មសិទ្ធិឯកជន។ រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌត្រូវចាត់វិធានការទប់ស្កាត់ការបោះចោល ឬ ការដុតសំរាម សំណល់រឹងទីប្រជុំជន តាមដងផ្លូវ ទីសាធារណៈ ទីវាល ប្រព័ន្ធទឹកលូ ឬ ប្រភពទឹកសាធារណៈ ឬ ក្នុងដីកម្មសិទ្ធិឯកជន។

ក្រសួងបរិស្ថាន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំរាមចោលពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពសាធារណៈ និងសោភណភាពទីក្រុង ឬទីប្រជុំជន។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមគ្នាការពារបរិស្ថាន ដើម្បីកម្ពុជាស្អាត គ្មានការបំពុលដោយសំរាម និងសំណល់ប្លាស្ទិក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង