Cctime 6monthsfree desktop
Cc times  web banner kh (2)

ទូររថភ្លើង១១គ្រឿងទើបទិញពីជប៉ុន គ្រោងដាក់ដំណើរការឆាប់ៗនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ទូររថភ្លើងដឹកអ្នកដំណើរល្បឿនលឿន ប្រភេទ DMU (Diesel Multiple Unit) ចំនួន១១ គ្រឿង ដែលបញ្ជាទិញពី្រទេសជប៉ុន ដោយក្រុមហ៊ុន Royal Railway Cambodia គ្រោងនឹងប្រកាសដាក់ឱ្យដំណើរការ នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីកែតម្រូវកង់រថភ្លើងរួច និងធ្វើការសាកល្បងរត់នៅលើផ្លូវដែក រហូតដល់ប្រាកថាមានសុវត្ថិភាព។

ទូររថភ្លើងទាំង១១គ្រឿង ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia (RRC) បានចុះពិនិត្យរួមគ្នា លើការងារកែតម្រូវកង់រថភ្លើងដឹកអ្នកដំណើរពីទទឹងផ្លូវដែក១០៦៧ មម (ស្តង់ដារផ្លូវដែកជប៉ុន) មកទទឹងផ្លូវដែក ១០០០ មម (សម្រាប់ស្តង់ដារផ្លូវដែកកម្ពុជា) និងប្រព័ន្ធហ្រ្វាំងរថភ្លើង សម្រាប់ប្រើប្រាស់ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព។

ក្នុងជំនួបជាមួយលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន RRC កាលពីព្រឹកថ្ងៃទី២៩ ឧសភា នៅទៅស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន បានសង្កត់ធ្ងន់លើការលើកកម្ពស់សុវត្ថិភាព នៃដំណើរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន រាប់ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជនដែលមានចរាចរណ៍មមាញឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។

ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុន Royal Railway Cambodia ថា បន្ទាប់ពីកែតម្រូវរួច ត្រូវធ្វើការសាកល្បងរត់នៅលើផ្លូវដែក រហូតដល់ប្រាកថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរមុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។ ហើយក្រុមហ៊ុន Royal Railway Cambodia ក៏គ្រោងនឹងប្រកាសពីការដាក់ឱ្យដំណើរការទូររថភ្លើងទាំង១១គ្រឿងនាពេលឆាប់ៗខាងមុខនេះ ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង