បាត់ដំបង៖ សត្វប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរ រួមមាន កែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តនៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង។
មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា(FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្ត ចំនួនជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ។
ថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរ ជាច្រើនប្រភេទត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តនៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង។ សត្វទាំងនោះរួមមាន កែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម។
សូមជម្រាបថា ប្រទេសកម្ពុជាមានភ្នំថ្មកំបោរយ៉ាងច្រើន ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និង ស្ទឹងត្រែង។ ភ្នំកំបោរទាំងនោះមានសារៈសំខាន់យ៉ាងខ្លាំងផ្នែកប្រព័ន្ធអេកូឡូស៊ី និងតម្លៃផ្នែកវប្បធម៌ ហើយវាក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ៕