ភ្នំពេញ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី នាថ្ងៃទី២៨ ឧសភា នេះ បានយាងជាព្រះរាជាធិបតី ក្នុងពិធីអបអរសាទររម្លឹកខួប ២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជា (ស៊ីស៊ីអេហ្វ) នៅសាលានីសិនគ្រីបអាខាដេមី។ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូល កោតសរសើរដល់អង្គការមូលនិធិកុមារកម្ពុជាសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កុមារនិងគ្រួសារក្នុងសហគមន៍ក្រីក្រក្នុងប្រទេសកម្ពុជា។
នាឱកាសនេះ ព្រះមហាក្សត្រ មានព្រះរាជបន្ទូល កោតសរសើរចំពោះ អង្គការមូលនិធិកុមារកម្ពុជា និងលោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត ខិតខំជួយអប់រំ ថែបំប៉នកុមារា កុមារី ដូចជាកូនរបស់ខ្លួនបង្កើត ដែលនាំឱ្យពួកគេទទួលបានភាពកក់ក្តៅ ព្រមទាំងទទួលបាននូវសីលធម៌ ប្រពៃណី និងចំណេះវិជ្ជាផ្សេងៗសម្រាប់ជាមធ្យោបាយក្នុងការរស់នៅក្នុងសង្គម។ ជាពិសេសលោក ស្កុត នីសិន ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា ដែលបានជួយដល់កុមារកម្ពុជារាប់ពាន់នាក់ ឱ្យទទួលបានចំណេះដឹង តាមរយៈការអប់រំ ការថែទាំ និងគាំទ្រដល់សហគមន៍ ការបណ្តុះបណ្តាល វិជ្ជាជីវៈ។
ជាមួយគ្នានោះ ព្រះមហាក្សត្រ នរោត្តម សីហមុនី ក៏បានយាងទតសាលានីសិនគ្រីបអាខាដេមី ដែលនៅក្នុងនោះមានការដាក់តាំងពិព័រណ៍នានា ដែលជាស្នាដៃរបស់សិស្សស៊ីស៊ីអេហ្វ រួមមានពិព័រណ៍ស្តីអំពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា សិល្បៈនិងការច្នៃប្រឌិត គំនូរជីវចល និង កំណាព្យភាសាខ្មែរជាដើម។
លោក ស្កុត នីសិន បានគូសបញ្ជាក់ថា សាលានីសិនគ្រីបអាខាដេមី គឺជា តឹកតាងដ៏អស្ចារ្យមួយបង្ហាញពីភាពផ្លាស់ប្ដូរទីកន្លែងមួយនេះ ដែលដើមឡើយគឺជាដីវាលចាក់សម្រាមស្មោកគ្រោក បានប្រែមកជាអាគារដ៏ធំសម្បើមមួយដែលក្លាយជាតំណាងនៃក្ដីសង្ឃឹមសម្រាប់សហគមន៍។ ហើយបើសម្លឹងមើលទៅអនាគត លោករំភើបចំពោះ ឱកាសល្អៗជាច្រើនដែលនឹងអាចកើតឡើងតាមរយៈការពង្រីកការផ្លាស់ប្តូរជាវិជ្ជមាន និងការចែករំលែកចំណេះដឹងរបស់អង្គការ ដើម្បីបន្តផ្ដល់ជាប្រយោជន៍ដល់ក្មេងៗ និងមនុស្សជាច្រើននាក់ទៀតដែលត្រូវការជំនួយ៕