ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងជំនួបរវាងសមាគមសិល្បករខ្មែរ នៅថ្ងៃទី២៨ ខែឧសភានេះ បានជំរុញសិល្បករខ្មែររក្សាអត្តសញ្ញាណជាតិខ្មែរ និងថែរក្សាការពារ កេរដំណែល វប្បធម៌មរតកជាតិ ក្នុងន័យអភិរក្ស ដើម្បីអភិវឌ្ឍន៍។ សម្តេច បានណែនាំឱ្យពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីខ្មែរ ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពិនិត្យកំណត់លក្ខណវិនិច្ឆ័យ ហើយសមាគមសិល្បករខ្មែរយកទៅអនុវត្ត។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្មែរយើងរក្សាអត្តសញ្ញាណរបស់យើងបាន ដោយសារកាលពីសម័យបារាំង ទីអារាម និងព្រះបរមរាជវាំង គឺជាទីដែលរក្សាកេរដំណែល វប្បធម៌មរតកជាតិ ហើយ ទោះខ្មែរក្រហមបានបំផ្លាញយ៉ាងណាក្តី ក៏យើងបានគាស់យកមកវិញនូវវប្បធម៌ និងសិល្បៈ ដូចជា ពិធីអាពាហ៍ពិពាហ៍ ...។ ការការពារសិល្បៈ និងវប្បធម៌ គឺជាកាតព្វកិច្ចរបស់យើង។»
សម្តេចតេជោ បានមានប្រសាសន៍ថា ក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុក ម៉ូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និងត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជី គឺកុំឱ្យកូនចៅជំនាន់ក្រោយ ច្រឡំ។ នេះហើយជា ការអភិរក្ស ដើម្បីអភិវឌ្ឍន៍ និងការអភិវឌ្ឍ ដើម្បីអភិរក្ស។ ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំង សិល្បៈផង។
សម្តេចបានលើកឡើងថា ចាប់ផ្តើម អាណត្តិថ្មី សិល្បករជាច្រើន បានមើលឃើញថា សមាគមមានភាពរឹងមាំ សាមគ្គីភាព និងមានរចនាសម្ព័ន្ធដឹកនាំ និង មានលទ្ធភាពអាចជួយគេ។ នៅក្នុងចំណុចនេះ មិនគួរគិតថា សមាគមសិល្បករខ្មែរ ជាសមាគមសប្បុរសធម៌ទេ។ សម្តេចបានផ្តល់អនុសាសន៍ឱ្យរកវិធីសាស្ត្រជួយពង្រឹងតួនាទីរបស់សិល្បករសម្រាប់រយៈពេលវែង ដូចជា ជួយដល់ការបណ្តុះបណ្តាលកូនសិល្បករ ហើយ នៅពេលរៀនចប់ ជួយពួកគេក្នុងការរកការងារធ្វើ។ “យើងចង់បណ្តុះបណ្តាល កុំឱ្យសិល្បករខ្វះអ្នកបន្តវេន ឬ អ្នកទ្រទ្រង់ជំនាន់ក្រោយ។ សមាគម គួររៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញនីមួយ រួមទាងប្រធានបទក្រមសីលធម៌វិជ្ជាជីវៈ”។
សម្តេចតេជោ បានណែនាំឱ្យ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីរបស់យើង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពិនិត្យកំណត់លក្ខណវិនិច្ឆ័យ ហើយ សមាគមយកទៅអនុវត្ត។ សកម្មភាពសង្គម សេដ្ឋកិច្ច ឆ្លុះបញ្ចាំងតាមសកម្មភាពវប្បធម៌។ ក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុក មូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និងត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជីគឺកុំឱ្យកូនចៅជំនាន់ក្រោយច្រឡំ។ នេះហើយជាការអភិរក្ស ដើម្បី អភិវឌ្ឍ និងការអភិវឌ្ឍ ដើម្បីអភិរក្ស។ ប្រទេសមួយរីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំង សិល្បៈ៕