ភ្នំពេញ៖ យុវជនមួយក្រុម រួមគ្នាបង្កើតគម្រោងឈ្មោះ «សុនក» ដើម្បីជួយសត្វសុនកនៅកម្ពុជាតាមរយៈការបរិច្ចាគជាជំនួយ និងថវិកាទៅកាន់កន្លែងជួយសង្គ្រោះសុនកចំនួន៤ ដែលផ្តល់ការថែទាំសំខាន់ៗដូចជា អាហារ ទីជម្រក សម្ភារៈ និងជំនួយផ្នែកវេជ្ជសាស្រ្ត។
បើតាមគេហទំព័រហ្វេសប៊ុករបស់ សុនក - Sonork បានឱ្យដឹងថា យុវជនមួយក្រុម រួមគ្នាបង្កើតគម្រោងឈ្មោះ «សុនក» ដើម្បីជួយសត្វសុនកនៅកម្ពុជាតាមរយៈការបរិច្ចាគជាជំនួយ និងថវិកាទៅកាន់កន្លែងជួយសង្គ្រោះសុនកចំនួន ៤ គឺ Stray Animal Rescue, Dirty Paws, Paw Family Cambodia, និង Monich Lougn ដែលមានទីតាំងស្ថិតនៅភ្នំពេញ កណ្តាល និងកំពត។
យុវជនទាំង៧រូបដែលបានបង្កើតគម្រោងនេះមានដូចជា អ៊ុយ សុភាប្រាជ្ញា , ស៊ី ទិត្យាដារីយ៉ា, អុន មរកត, ហុក ថានីតា, ឯក ពុធពិសិដ្ឋ, ឡា សុខជាន, និង វណ្ណ ណាទេពី ដែលពួកគេជានិស្សិតដែលកំពុងតែសិក្សានៅសាកលវិទ្យាល័យផ្សេងៗគ្នា ដូចជា ផារ៉ាហ្គន និង វិទ្យាស្ថានគណនី និងហិរញ្ញវត្ថុ ។ពួកគេជាយុវជនដែលមានចំណង់ចំណូលចិត្តដូចៗគ្នាក្នុងការសង្គ្រោះសត្វឆ្កែនៅក្នុងប្រទេសកម្ពុជា។
បើតាមយុវជន ទេពី ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកផ្សេងទៀតនៅក្នុងគម្រោងសុនក បានឱ្យដឹងថា ការបរិច្ចាគដែលទទួលបាននឹងត្រូវបានផ្តល់ទៅកាន់កន្លែងសង្គ្រោះសុនក ដើម្បីចំណាយលើការថែទាំសំខាន់ៗដូចជា អាហារ ទីជម្រក សម្ភារៈ និងជំនួយផ្នែកវេជ្ជសាស្រ្ត។
បន្ថែមពីការស្វែងរកសប្បុរសជនបរិច្ចាគជាថវិកាដើម្បីចំណាយ គម្រោងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង ក្នុងការទប់ស្កាត់ការទទួលទានសាច់ឆ្កែ និងលើកតម្កើនតម្លៃនៃជីវិតសត្វសុនកនៅកម្ពុជាកាន់តែប្រសើរឡើងតាមរយៈការផ្សព្វផ្សាយទូលំទូលាយ និងការរៃអង្គាសថវិកានានា។
គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយនឹងយុវជនទាំង៧រូបក្នុងការធ្វើគម្រោងមួយនេះ អាចទាក់ទងទៅកាន់គេហទំព័រហ្វេសប៊ុកដោយផ្ទាល់ឈ្មោះថា សុនក-Sonork៕