
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកសារជាថ្មីម្ដងទៀត ពីវិធានការពារកូវីដ១៩ ក្នុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ ខណៈឃើញថានៅមានភាពចន្លោះខ្វះខាត ជាពិសេសនៅតាមវត្តអារាម។ នេះបើតាមលោកជំទាវ ឱ វណ្ឌឌីន ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
បើតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថា ដោយសារមានការសង្កេតកន្លងមកនេះ ឃើញថានៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ។
លោកជំទាវបន្តថា ដូច្នេះក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មី ដល់ប្រជាលរដ្ឋទាំងអស់ ជាពិសេស លោកតាអាចារ្យ លោកតា-យាយជី គណៈគ្រប់គ្រងសាលាពុទ្ធិកៈ និងគណ:កម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេស ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគ្រុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត។
ទន្ទឹមនឹងនេះ គប្បីអនុវត្តវិធានការការសាមញ្ញៗដូចជា រក្សាអនាម័យដៃស្អាតជានិច្ច ពាក់ម៉ាស់ក្នុងករណីចាំបាច់ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡើងទៅ។
ជាពិសេសព្រះសង្ឃ ឬបុគ្គលដែលឈឺ មានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឬទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
សូមជម្រាបជូនថា ក្រសួងបានក្រើនរំលឹកយ៉ាងដូច្នេះ បន្ទាប់ពីមានការសង្ស័យករណីជំងឺផ្តាសាយធំ ក្នុងចំណោមព្រះសង្ឃទាំង៤៦អង្គនៅវត្តស្វាយដង្គុំ នៅខេត្តបាត់ដំបងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។