681 ezgif.com resize
Moneygramott moi1280x163px

គ.ជ.ប អំពាវនាវឱ្យស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ថ្ងៃទី២៦ ឧសភា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ចំពោះសកម្មភាពបំផ្លាញដល់ដំណើរការបោះឆ្នោតត្រូវចាត់វិធានការ។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤នេះ។

យោងតាមមាត្រា ៤៤ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២៤ ខែឧសភានេះ គឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់បណ្តាគណបក្សប្រកួតប្រជែងទាំងអស់។ គ.ជ.ប អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី២៤ ខែឧសភា រហូតដល់ម៉ោង ១២:០០ យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញ ផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សេចក្ដីណែនាំ រួមនឹង ក្រមសីលធម៌សម្រាប់ការបោះឆ្នោត។

ទន្ទឹមនឹងនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យ ការងារឯទៀត ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងដំណាក់កាលនេះ ជាពិសេសក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាព ទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិតធ្វើឱ្យ មានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោត និង រាប់សន្លឹកឆ្នោតបាន។

គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ នឹងអនុវត្ត តាមការអំពាវនាវនេះឱ្យមានប្រសិទ្ធភាព៕

Khcct banner

អត្ថបទទាក់ទង