វៀតណាម៖ ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី ២៣ ឧសភា បានប្រកាសមិនគាំទ្រ ចំពោះការបញ្ចេញមតិរបស់ពលរដ្ឋខ្លួន លើបណ្តាញសង្គម សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាឡើយ ហើយការបញ្ចេញមតិនេះ មិនតំណាងឱ្យរដ្ឋាភិបាលរបស់ប្រទេសវៀតណាមនោះទេ។ការលើកឡើងបែបនេះ ធ្វើឡើងក្រោយពីភាគីកម្ពុជាកោះហៅមន្ត្រីការទូតវៀតណាមមកបំភ្លឺករណីអ្នកប្រើប្រាស់បណ្តាញសង្គមវៀតណាម ជេរប្រមាថ សម្តេច ហ៊ុន សែន ក្រោយសម្តេចថ្លែងពី «គម្រោងព្រែកជីកហ្វូណនតេជោ»។
គណនីសង្គមចូលជេរប្រមាថ សម្តេច ហ៊ុន សែន លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ទទួលស្គាល់ថា មានគណនីខ្លះមានប្រភពពីវៀតណាមបង្ហាញគំនិតផ្ទាល់ខ្លួន កាលពីពេលថ្មីៗ មិនតំណាងឱ្យរដ្ឋាភិបាល និង ប្រជាជនវៀតណាមឡើយ ហើយវៀតណាមមិនគាំទ្រ ចំពោះការអត្ថាធិប្បាយណាដែលញុះញង់ និង បំបែកបំបាក់ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និង វៀតណាមនោះឡើយ។
លោកស្រី Pham Thu Hang បានថ្លែងយ៉ាងដូច្នេះថា "ការពិតដែលថា គណនីមួយចំនួនសន្មតថា មានប្រភពមកពីប្រទេសវៀតណាម បានបញ្ចេញមតិផ្ទាល់ខ្លួនរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលថ្មីៗនេះ មិនតំណាងឱ្យជំហររបស់រដ្ឋាភិបាល និង ប្រជាជនវៀតណាមនោះទេ"។
បើតាមអ្នកនាំពាក្យរូបនេះ វៀតណាម មិនយល់ស្របនឹងការបញ្ចេញមតិជេរប្រមាថ និង មតិយោបល់ដែលបង្កហេតុ ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជនវៀតណាម និង កម្ពុជានោះទេ ហើយមិនថា តែថ្នាក់ដឹកនាំកម្ពុជាទេ សូម្បីតែថ្នាក់ដឹកនាំវៀតណាមខ្លួនឯងក៏ត្រូវបាន ក្រុមបណ្តាញសង្គមនោះជេរប្រមាថដោយផ្ទាល់ផងដែរ។
គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា បានស្នើសមត្ថកិច្ចកម្ពុជា សហការជាមួយវៀតណាម ស្រាវជ្រាវរកអ្នកដែលជេរសម្តេចនៅលើបណ្តាញសង្គម TikTok។ សម្តីអសុរោះទាំងនោះ លេចឡើងក្រោយសម្តេចបាននិយាយពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ៕