សៀមរាប៖ នៅក្នុងទិវាអណ្តើកនិងកន្ធាយពិភពលោកនេះ អណ្តើកព្រិច ឬអណ្តើកភ្នំចំនួន ១០០ ក្បាល ត្រូវបានប្រលែងចូលទៅក្នុងព្រៃ ក្នុងគោលបំណងស្តារ និងបង្កើនចំនួនសត្វអណ្តើកប្រភេទដ៏កម្រនេះឡើងវិញ និងការពារកុំឱ្យផុតពូជពីក្នុងដែនជម្រកសត្វព្រៃក្នុងភាគខាងជើងរបស់កម្ពុជា។ ទោះបីអណ្តើកនេះ ត្រូវបានប្រលែងក្ដី ប៉ុន្ដែពួកវាស្ថិតនៅក្រោមការមើលថែ និងតាមដានដោយក្រុមការងារជីវៈចម្រុះរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និង រ៉ាយហ្ស៉ីង ហ្វីនិក នៅឡើយ ដើម្បីធានាឱ្យពួកវាធ្វើការសម្របខ្លួនបាននឹងការរស់នៅក្នុងព្រៃដោយជោគជ័យ។
ក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក ដែលជាដៃគូអភិរក្សរបស់ USAID មរតកបៃតង សហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រលែងសត្វអណ្ដើកព្រិចចំនួន ១០០ ក្បាលចូលទៅក្នុងកន្លែងដែលមានការការពារកាលពីឆ្នាំមុន ក្នុងគោលបំណងដើម្បីស្តារ និងបង្កើនចំនួនសត្វអណ្តើកប្រភេទដ៏កម្រនេះឡើងវិញ និងការពារកុំឱ្យផុតពូជពីក្នុងដែនជម្រកសត្វព្រៃក្នុងភាគខាងជើងរបស់កម្ពុជា។ ពេលនេះ កន្លែងរស់នៅរបស់អណ្តើកព្រិចទាំងនេះត្រូវបានបើកចំហ ប៉ុន្តែពួកវាកំពុងស្ថិតនៅក្រោមការមើលថែ និងតាមដានដោយក្រុមការងារជីវៈចម្រុះរបស់ ACCB និង Rising Phoenix នៅឡើយ ដើម្បីធានាឱ្យពួកវាធ្វើការសម្របខ្លួនបាននឹងការរស់នៅក្នុងព្រៃដោយជោគជ័យ។
អណ្ដើកព្រិច គឺជាប្រភេទសត្វដែលទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារតែការបាត់បង់ទីជម្រក ការប្រម៉ាញ់សម្រាប់ជួញដូរធ្វើសត្វចិញ្ចឹម និងការយកមកធ្វើជាអាហារ។ អណ្តើកទាំងនេះមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំង។ ការប្រែប្រួលអាកាសធាតុក៏បានធ្វើឱ្យស្ថានភាពបន្តពូជរបស់ពួកវារងគ្រោះកាន់តែធ្ងន់ធ្ងរឡើងផងដែរ ដោយសារតែការកើនឡើងនៃសីតុណ្ហភាពអាចធ្វើឱ្យភេទរបស់កូនអណ្តើកដែលញាស់មិនមានសមាមាត្រ ហើយវាជាការគំរាមកំហែងដល់ការបន្តពូជរបស់វានាពេលអនាគត។
USAID មរតកបៃតង បាននឹងកំពុងធ្វើការជាមួយ ក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក និងអ្នកពាក់ព័ន្ធដើម្បីការពារ អភិរក្ស និងស្ដារឡើងវិញនូវជីវៈចម្រុះនៅក្នុងភាគខាងជើងរបស់កម្ពុជា និងប្តេជ្ញាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការពារសត្វដ៏កម្រទាំងនេះតាមរយៈការការពារជម្រកសត្វព្រៃ កៀរគរការចូលរួមរបស់សហគមន៍ និងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាដើម៕