ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដៃគូ ដើម្បីឆ្លើយតបនឹងបញ្ហាអាកាសធាតុ ក្នុងនោះកម្ពុជាក៏បានរៀបចំនូវផែនការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុយ៉ាងច្បាស់លាស់ គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអៀរឡង់ ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤ លោកបានថ្លែងថា ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍជាតិ សុខភាពមនុស្ស សត្វ ជីវចម្រុះ និងធនធានធម្មជាតិ។
ជាមួយគ្នានេះ កំណើនកំដៅសីតុណ្ហភាពខ្ពស់នៅរដូវប្រាំងនាឆ្នាំ២០២៤នេះ គឺជាភស្តុតាងបញ្ជាក់អំពីផលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយសកម្មភាពមនុស្ស ហើយជាការចាំបាច់ណាស់ដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាដោះស្រាយបញ្ហាសកលមួយនេះ ស្របទៅតាមគោលការណ៍ដែលមានស្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ជារួមនៃកិច្ចពិភាក្សា ភាគីទាំងពីរនឹងបន្តធ្វើការរួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអៀរឡង់ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ៕