Cctimesw1140xh150cm copy

ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវករណីឧត្តមសេនីយ៍ម្នាក់ យកថវិកា១លានរៀល ក្នុង១ឃុំ នៅខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណីមានឧត្តមសេនីយ៍ម្នាក់ នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកា ក្នុងមួយឃុំចំនួន ១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះអង្កេតស្រាវជ្រាវករណីជាបន្ទាន់។

ទទួលបានកាណែនាំនេះ លោកអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែឧសភានេះ បានចាត់ក្រុមការងារកោះអញ្ជើញ លោក កែវ សារ៉ាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ មកបំភ្លឺភ្លាមៗនៅអគ្គាធិការដ្ឋាន។ ជាលទ្ធផលក្រោយការបំភ្លឺ លោក កែវ សារ៉ាវុធ បានទទួលករណីនេះថា លោកពិតជាបានដឹកនាំក្រុមការងារ ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន ២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន ៤ស្រុកប៉ុណ្ណោះ។

ជានីតិវិធីបន្តក្រសួងមហាផ្ទៃ នឹងពិនិត្យលើករណីនេះបន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។

ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ដល់សាធារណជនថា ដើម្បីប្រសិទ្ធភាពនៃការងារកំណែទម្រង់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំ «សម្អាតផ្ទះយើង» របស់សម្ដច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការចូលរួមចំណែកពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈមតិពិតជាមានសារៈសំខាន់ណាស់។

ក្នុងន័យនេះ ក្រសួងមហាផ្ទៃ បានលើកទឹកចិត្ត និងទទួលយកដោយការពិចារណាខ្ពស់នូវព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យស្ថិតក្រោមសមត្ថកិច្ច ជាពិសេសព័ត៌មានអំពីករណីមិនប្រក្រតីនៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ គ្រប់ថ្នាក់ ក៏ដូចជាសំណើ សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង