អឺរ៉ង់៖រដ្ឋាភិបាលប្រទេសអឺរ៉ង់ នៅថ្ងៃច័ន្ទម្សិលមិញ បានប្រកាសបន្តបើកការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានសម្លាប់មេដឹកនាំរបស់ខ្លួន គឺលោក អេប្រាហ៊ីម រ៉ៃស៊ី រួមទាំងមេដឹកនាំមួយចំនួនទៀត។ការស្លាប់នេះ ស្របពេលដែលបរិបទតំបន់ដើមបូព៌ា កំពុងតែជួបអស្ថិរភាពយ៉ាងខ្លាំង ដោយសារតែសំណុំរឿងអ៉ីស្រាអែល-ប៉ាឡេស្ទីន។
ក្រោយពីដំណឹងមរណភាពរបស់លោកប្រធានាធិបតីអឺរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី ប្រជាជនបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Tehran ដោយកាន់ទុក្ខ សម្តែងភាពសោកសង្រែង និងបានប្រកាសកាន់ទុក្ខរយៈពេល៥ថ្ងៃ ផ្អាកសកម្មភាពកម្សាន្តនានា ព្រឹត្តិការវប្បធម៌ ហើយទូទាំងប្រទេសទាំងមូលរក្សាភាពស្ងៀមស្ងាត់។
លោក Mohammad Mokhber ត្រូវបានតែងតាំងជាប្រធានាធិបតីបណ្តោះអាសន្ន ដើម្បីរៀបចំដឹកនាំប្រទេស ហើយបានប្រកាសបើកការស៉ើបអង្កេតលើគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាចក្រនេះ។បច្ចុប្បន្នសាកសពរបស់ លោក អេប្រាហ៊ីម រ៉ៃស៊ី នឹងរៀបចំផ្ទេរទៅកាន់ស្រុកកំណើតរបស់លោក ជាកន្លែងដែលពិធីបុណ្យសពរបស់លោកនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអឺរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី និង លោករដ្ឋមន្ត្រីការបរទេស បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាចក្រ កាលពីល្ងាចថ្ងៃអាទិត្យទី ១៩ ឧសភា នៅតំបន់ភាគពាយ័ព្យ ក្បែរព្រំដែនរវាងអឺរ៉ង់ និង អាស៊ែបៃហ្សង់។ក្នុងពេលកើតហេតុ គឺកត្តាអាកាសធាតុមិនល្អទេ ដោយមានភ្លៀងខ្យល់ ហើយមានពពកអ័ព្ទក្រាសខ្លាំងណាស់។
តែយ៉ាងណាក្តី ការស្លាប់នេះ ស្របពេលដែលបរិបទតំបន់ដើមបូព៌ា កំពុងតែជួបអស្ថិរភាពយ៉ាងខ្លាំង ដោយសារតែសំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន។បរិបទបច្ចុប្បន្ន អឺរ៉ង់ និង អ៊ីស្រាអែល កំពុងតតាំងគ្នាខ្លាំងណាស់ នៅក្នុងសំណុំរឿងប៉ាឡេស្ទីន កាលពីថ្ងៃទី១៣ មេសា អ៊ីរ៉ង់បានបង្ហោះដ្រូន និង មីស៊ីលប្រមាណ៣០០គ្រឿង សំដៅវាយប្រហារអ៉ីស្រាអែល ហើយដែលអ់ីស្រាអែល បានប្រកាសថា នឹងសងសិកវិញ។មួយវិញទៀត អឺរ៉ងកំពុងចាប់ផ្តើមបើកចរចាដោយប្រយោល ជាមួយភាគីអាម៉េរិក ស្តីអំពីកម្មវិធីនុយក្លេអ៊ែរនៅអឺរ៉ង់ដែលជាក្តីបារម្ភខ្លាំងរបស់អ៉ីស្រាអែល៕