Cctimesw1140xh150cm copy

កម្ពុជាកោះហៅទូតវៀតណាមសុំកិច្ចសហការ«រកជនបង្ហោះខ្លឹមសារ​ជេរប្រមាថ»សម្តេច ហ៊ុន សែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ២០ ខែឧសភានេះ បានកោះអញ្ជើញលោក ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា មកជជែកគ្នាដោយផ្ទាល់ពាក់ព័ន្ធសារជេរប្រមាថសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ពីសំណាក់ពលរដ្ឋវៀតណាម។ការកោះហៅនេះ ធ្វើឡើងភ្លាមៗក្រោយពីការស្នើសុំសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ភ្លាមៗក្រោយការស្នើសុំពីសម្តេច ហ៊ុន សែន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកោះហៅលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ដើម្បីជជែកពិភាក្សាសុំកិច្ចសហការស្វែងរកជនបង្ហោះខ្លឹមសារ​ជេរប្រមាថ សម្តេច ហ៊ុន សែន។

លោក សុខ ចិន្តាសោភា បានប្រាប់ទូតវៀតណាមថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។លោកសោភាសុំឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវ ដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និង ប្រជាជននៃប្រទេសទាំងពីរ។

បើតាមក្រសួងការបរទេសកម្ពុជា ទូតវៀតណាមយល់ស្របថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ។

សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន បានសម្តែងប្រតិកម្ម និង ភ្ញាក់ផ្អើលបន្ទាប់ពីសម្តេចឃើញមានអ្នកលេងបណ្តាញសង្គម TikTok ចូលមកជេរប្រមាថសម្តេច ដោយប្រើភាសាវៀតណាម។ ករណីបែបនេះធ្លាប់មានផងដែរកាលពីឆ្នាំ២០១៦-២០១៧ នៅតាមបណ្តាញសង្គមហ្វេសប៊ុក។ បន្ទាប់ពីសម្តេចស្នើទៅមេដឹកនាំវៀតណាម ចលនាជេរប្រមាថនេះ ក៏ស្ងប់ស្ងាត់ទៅវិញ។

បើតាមសម្តេច ហ៊ុន សែន ការជេរប្រមាថលើបណ្តាញសង្គម TikTok កើតមានបន្ទាប់ពីសម្តេចបានលើកឡើងពីគម្រោងព្រែកជីកហ្វូណនតេជោ ហើយបានស្នើសមត្ថកិច្ចកម្ពុជា និងវៀតណាម សហការគ្នាកំណត់អត្តសញ្ញាណជនដែលជេប្រមាថសម្តេចនៅលើ TikTok នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង