ថៃ៖ ពលករខ្មែរធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី ១៦ ឧសភា បានឈ្នះឆ្នោតថៃចំនួនទឹកប្រាក់ ១២ លានបាត ស្នើនឹងប្រមាណជាង ៣០ម៉ឺនដុល្លារ បន្ទាប់ពីរូបគេបានទៅផ្សារហើយក៏ប្រទះឃើញឆ្នោតថៃលក់ក៏សម្រេចចិត្តទិញលេខ ដើម្បីផ្សងសំណាង។ ភ្លាមៗប៉ុន្មានថ្ងៃលេខកន្ទុយ ៩០ របស់លោកស្រីក៏បាននាំលាភជ័យផ្លាស់ប្តូរជីវិតលោកស្រី។
លោកស្រី ណាត ជាអ្នកកំពង់ធំនៃប្រទេសកម្ពុជា បានទៅធ្វើការនៅប្រទេសថៃស្របច្បាប់រយៈពេល ៨ ឆ្នាំមកហើយ ដោយធ្វើជាកសិកររើសពោតនៅចម្ការ ក្រោយមកលោកស្រីក៏បានប្តូរការងារធ្វើការជាអ្នកថែសួន នៅភូមិខក់ណាក្លង ឃុំសុខប៉ៃប៊ុន ស្រុកសេងសាង ខេត្តនគររាជសីមា ប្រទេសថៃ។
៤ថ្ងៃមុនពេលឆ្នោតចេញ លោកស្រីបានទៅផ្សាររាជសីមា ឃើញតូបលក់ឆ្នោតក៏ឈប់ នឹងបានទិញលេខដែលមានកន្ទុយ ៩០ ព្រោះតែជាលេខដែលលោកស្រីស្រលាញ់ លោកស្រីបានទិញឆ្នោតលេខពីរសន្លឹក ក្រោយពីទិញរួច លោកស្រីបានត្រឡប់ទៅផ្ទះវិញធម្មតា។ មុនឆ្នោតចេញ លោកស្រីបានបែបន់នឹងសន្យាថា ប្រសិនបើឈ្នះឆ្នោតលោកស្រីនឹងរៀបចំពិធីសែនព្រេងអរគុណដល់ម្ចាស់ទឹកម្ចាស់ដីដែលបានជួយលោកស្រី។
ប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែលោកស្រីបើកមើលឆ្នោតឃើញលេខរបស់លោកស្រី បានឈ្នះឆ្នោតទឹកប្រាក់ ១២លានបាត ស្នើនឹងជា ៣៣ម៉ឺនដុល្លារអាម៉េរិក ដោយលោកស្រីស្ទើតែមិនជឿ ហើយរំភើបស្ទើតែគាំងបេះដូង។តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃ លោកស្រីណាត បន្តថា ចាប់ពីពេលនេះតទៅ លោកស្រីនឹងយកប្រាក់រង្វាន់ បើកហាងធ្វើអាជីវកម្មលក់ទំនិញ នៅស្រុកកំណើតឯខេត្តកំពង់ធំ ដោយលោកស្រីនឹងមិនត្រឡប់មកធ្វើការជាកម្មករវិញឡើយ៕