កាណាដា៖ ភ្លើងឆេះព្រៃដ៏ធំមួយកំពុងគំរាមកំហែងដល់រោងចក្រផលិតខ្សាច់ប្រេងរបស់ប្រទេសកាណាដាក្នុងតំបន់ Fort McMurray ដោយភ្លើងឆេះព្រៃដ៏ធំនេះបានបង្ខំឲ្យមនុស្សប្រមាណ ៦,០០០នាក់នៅក្នុងតំបន់ជាយក្រុងចំនួន ៤ផ្សេងទៀត ត្រូវបានឱ្យជម្លៀសចេញទៅកាន់តំបន់មានសុត្ថិភាព។
ភ្លើងឆេះព្រៃដែលបង្កឡើងដោយសារអាកាសធាតុក្ដៅហួតហែង និងខ្យល់បក់ខ្លាំង បាននិងកំពុងគំរាមកំហែងក្នុងខេត្ត Alberta ភាគខាងលិចនៃប្រទេសកាណាដា។ មន្ត្រីពន្លត់អគ្គីភ័យ អ្នកស្រី Alberta Wildfire Josee St-Onge បាននិយាយថា ភ្លើងឆេះព្រៃបានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ហើយគេបានកត់សម្គាល់ឃើញថាមានខ្យល់បក់មកពីភាគនិរតីបក់បោកក្នុងល្បឿន ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយភ្លើងបាននឹងកំពុងឆាប់ឆេះកាន់តែខ្លាំង នៅក្នុងទំហំផ្ទៃដីជាង ១ ម៉ឺនហិកតា។
ក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរក្នុងតំបន់បាននិយាយថា ប្រជាជននៅតំបន់ Abasand, Beacon Hill, Prairie Creek និង Grayling ត្រូវបានជម្លៀសចេញទៅកាន់ទីតាំងសុវត្ថិភាព នៅថ្ងៃពុធនេះ។ ចំពោះ ទីក្រុង Fort McMurray បានរៀបចំអ្នកពន្លត់អគ្គីភ័យជាង ២៥០ ទៅ ៣០០ នាក់ ដើម្បីជួយការពារមជ្ឈមណ្ឌលឧស្សាហកម្មផលិតខ្សាច់ប្រេងដែលជាទីតាំងផលិតខ្សាច់ប្រេងដ៏ធំបំផុតដែលផលិតបានប្រមាណ ៣,៣ លានបារ៉ែលក្នុងមួយថ្ងៃ ពីរភាគបីនៃទិន្នផលសរុបរបស់ប្រទេសកាណាដា៕