ភ្នំពេញ៖ រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ នឹងបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់ពលករកម្ពុជា វិលត្រលប់មកស្រុកកំណើត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ តទៅ។ នេះបើតាមសេចជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ។
ចាប់ពីថ្ងៃទី១៦ ឧសភា តទៅ រាជរដ្ឋាភិបាលថៃឡង់ នឹងបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ដោយ តម្រូវឱ្យពលករកម្ពុជាដែលមានបំណងធ្វើដំណើរចេញ-ចូលប្រទេសថៃ បំពេញពាក្យស្នើសុំ និងបង់ថ្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Pemit) នៅតាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ឬតាមការិយាល័យអន្តោប្រវេសន៍នៅតាមបណ្តាខេត្តក្នុងប្រទេសថៃ មុនធ្វើដំណើរចេញពីប្រទេសថៃ ដើម្បីរក្សាសុពលភាពទិដ្ឋាការការងារ។
សូមរម្លឹកថា រាជរដ្ឋាភិបាលថៃ បានលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) សម្រាប់ពលករកម្ពុជាដែលធ្វើដំណើរចេញ-ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។