កម្ពុជា៖ ប្រភេទសត្វឆ្អឹងកងលើគោក និងប្រភេទសត្វឆ្អឹងកងទឹកសាប ជាង ២៥០ប្រភេទ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានចុះបញ្ជីក្រហមជាប្រភេទកំពុងរងគ្រោះថ្នាក់ខ្លាំង និងជិតផុតពូជ។ បច្ចុប្បន្ន ASAP ដែលជាសហគមន៍មួយមានសមាជិកជាង ២០០ អង្គការ កំពុងធ្វើកិច្ចការងារអភិរក្ស ដើម្បីធានាអនាគតសម្រាប់ប្រភេទសត្វទាំងអស់នេះ។
នៅតំបន់អាស៊ីអាគ្នេយ៍ មានសត្វឆ្អឹងកងលើគោក និងប្រភេទសត្វឆ្អឹងកងទឹកសាប ជាង ២៥០ប្រភេទ បានចុះបញ្ជីក្រហមជាប្រភេទកំពុងរងគ្រោះថ្នាក់ខ្លាំង និងជិតផុតពូជ។ ASAP ជាសហគមន៍មួយមានសមាជិកជាង ២០០ អង្គការ ដែលចែករំលែកគោលដៅរួមនៃការធានាអនាគតសម្រាប់ប្រភេទសត្វទាំងអស់នេះ។ បច្ចុប្បន្ន ASAP កំពុងបង្ហាញអំពីយុទ្ធសាស្ត្រថ្មីស្ដីពី «ការវិនិយោគលើធនធានមនុស្សដែលនឹងជួយសង្គ្រោះដល់ប្រភេទសត្វ»។ យុទ្ធសាស្ត្រនេះចង្អុលបង្ហាញពីការវិនិយោគលើការផ្លាស់ប្តូរទាំងបុគ្គលម្នាក់ៗ និងអង្គការជាច្រើនដែលមានការតាំងចិត្តក្នុងការការពារប្រភេទកំពុងរងការគំរាមកំហែងខ្លាំងនៅអាស៊ីអាគ្នេយ៍។
តាមការចុះផ្សាយរបស់ ASAP អាស៊ីអាគ្នេយ៍មានជីវចម្រុះដ៏សម្បូរបែប ដែលជាជម្រកនៃប្រភេទសត្វជាច្រើនប្រភេទ ដែលភាគច្រើនត្រូវបានរកឃើញមិនមានវត្តមាននៅកន្លែងផ្សេងទៀតនៅលើភពផែនដីនេះទេ។ ពីព្រៃត្រូពិច និងវាលភក់នៃកោះ Borneo ដល់ភ្នំអាណ្ណាម និងទន្លេមេគង្គ ភាពសម្បូរបែបនៃមនុស្ស ទីជម្រក និងប្រភេទសត្វ គឺជាអ្វីដែលធ្វើឱ្យតំបន់នេះ មានលក្ខណៈពិសេស។ ទោះបីជា អាស៊ីអាគ្នេយ៍មានជីវចម្រុះដ៏សម្បូរបែប ប៉ុន្ដែតំបន់អាស៊ីអាគ្នេយ៏មានអត្រាខ្ពស់បំផុតកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញទីជម្រក នៅលើពិភពលោក ដែលការបាត់បង់ព្រៃឈើដ៏ធំនេះបណ្ដាលមកពីកសិកម្ម និងនគរូបនីយកម្ម។
តាមរយៈការបង្កើនចំណេះដឹង និងផ្ដល់ជំនួយហិរញ្ញវត្ថុ, ការសម្របសម្រួលបណ្តាញ និងកិច្ចសហប្រតិបត្តិការ, ការពង្រឹងអង្គការក្នុងស្រុក, និងការវិនិយោគលើធនធានមនុស្ស ដែលជាគោលដៅចំនួនបួនសំខាន់ៗ ដែលជួយដឹកនាំយុទ្ធសាស្ត្រនេះ ASAP មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការអភិរក្សជាច្រើន និងបុគ្គលម្នាក់ៗ ប្រមូលផ្តុំការវិនិយោគនៅក្នុងតំបន់ និងផ្តល់សិទ្ធិអំណាចដល់អ្នកស្រលាញ់ការអភិរក្ស៕