Cctimesw1140xh150cm copy

កងទ័ពកម្ពុជា-ចិនសរុប ២០៧៥នាក់នឹងចូលរួមសមយុទ្ធ«នាគមាស»ឆ្នាំ២០២៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កងទ័ពកម្ពុជា-ចិន នឹងធ្វើសមយុទ្ធយោធារួមគ្នា ដែលមានឈ្មោះថា «នាគមាស» ដែលជាសមយុទ្ធប្រចាំឆ្នាំ រវាងប្រទេសទាំងពីរ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ដោយនឹងមានមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបចំនួន ២០៧៥នាក់ ក្នុងនោះកងយុទ្ធពលខេមរភូមិន្ធចំនួន ១៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់។ នេះបើតាមការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃនេះ លោក ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ លើកឡើងថា យោងតាមកិច្ចសហប្រតិបត្តិការប្រចាំរវាងកងទ័ពរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នាពេលខាងមុខនេះ នឹងរៀបចំធ្វើសមយុទ្ធយោធាមួយហៅថា សមយុទ្ធនាគមាស ឆ្នាំ២០២៤ ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមគ្នា និងការសង្រ្គោះមនុស្សធម៌។ សមយុទ្ធយោធាឆ្នាំ២០២៤នេះគឺប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦-៣០ឧសភា ឆ្នាំ២០២៤ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងខេត្តកំពង់ឆ្នាំង។

អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថាការធ្វើសមយុទ្ធយោធាឆ្នាំ២០២៤ នេះគឺមានការចូលរួមពីកងទ័ពជើងគោក និងកងទ័ពជើងទឹកកម្ពុជា ដោយកងទ័ពជើងគោកធ្វើសមយុទ្ធនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឯសមយុទ្ធលើសមុទ្រធ្វើនៅខេត្តព្រះសីហនុ។ ចំពោះកម្លាំងចូលរួមសមយុទ្ធនេះ គឺមានចំនួនសរុបទាំងអស់គឺ ២០៧៥នាក់ ក្នុងនោះកងយុទ្ធពលខេមរភូមិន្ធចំនួន ១៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់។

ដោយឡែកលើគ្រឿងបំពាក់សម្រាប់ការចូលរួមធ្វើសមយុទ្ធលើគោករួមមាន រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទចំនួន ៦៩គ្រឿង រួមទាំងបរិក្ខារស៊ើបការ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ចូនសារជាច្រើនឈុតទៀត។ សមយុទ្ធនៅលើផ្ទៃសមុទ្រ មាននាវាចូលរួមសរុប ១៤គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង។ ខ្លឹមសារនៃការធ្វើសមយុទ្ធ គឺផ្តោតសំខាន់លើការប្រឆាំងអំពើភារវកម្មរួមគ្នា និងការងារសប្បុរសធម៌ ក្រៅពីនោះក៏ផ្តោតសំខាន់លើវិធីនៃការទប់ទល់ដោយដ្រូនផងដែរ។ សមយុទ្ធនេះ ក៏មានការចូលរួមពីបណ្តាប្រទេសនៅក្នុងសមាគមអាស៊ាន ដើម្បីសង្គេតមើលអំពីលក្ខណៈនៃការធ្វើសមយុទ្ធរវាងកម្ពុជា-ចិន។

អ្នកនាំពាក្យ បានបញ្ជាក់ថាគោលបំណងនៃការធ្វើសមយុទ្ធ យោងតាមកិច្ចសហប្រតិបត្តិការប្រចាំរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ប្រចាំឆ្នាំដូចដែលធ្លាប់បានធ្វើចំនួន ៥លើករួចមកហើយ គឺផ្តោតសំខាន់លើប្រធានបទប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម និងការសង្រ្គោះមនុស្សធម៌ ដើម្បីដកបទពិសោធន៍កងទ័ពរវាងគ្នាទៅវិញទៅមក ក៏ដូចជាដើម្បីពង្រឹងសន្តិសុខទប់ស្កាត់អំពើភេរវកម្មក្នុងប្រទេសនីមួយៗ និងនៅក្នុងតំបន់ផងដែរ។ ដូច្នេះការប្រយុទ្ធនេះ មិនមានគោលបំណងគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ប្រទេសណាមួយឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង