ហ្គាហ្សា៖ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងលើសពី ៣៥,០០០ នាក់។ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៣ នាក់ និងរបួស ១១៤ នាក់ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣៥,០៣៤ នាក់ និងរបួសដល់ទៅ ៧៨,៧៥៥ នាក់ចាប់តាំងពីជម្លោះចុងក្រោយបំផុតនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ។
យោងតាមសេចក្តីថ្លែងការណ៍បានកត់សម្គាល់ថាជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ហើយរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិលមិនអាចទៅកន្លែងដែលពួកគេកំពុងតែជាប់គាំងឡើយដោយសារតែស្ថានភាពតំបន់ និងការវាយប្រហាររបស់យោធាអ៊ីស្រាអែលឥតឈប់ឈរ។ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានចេញសេចក្តីថ្លែងការណ៍មួយដោយចុះផ្សាយថា កាលពីសប្តាហ៍មុន មនុស្សប្រហែល ៣០ម៉ឺន នាក់បានភៀសខ្លួនចេញពីទីក្រុង Rafah នៅតំបន់ហ្គាហ្សា។
រដ្ឋាភិបាលអ៊ីស្រាអែលបន្តចេញបញ្ជាជម្លៀសជាកាតព្វកិច្ច ដោយបង្ខំប្រជាជនក្រុង Rafah ឲ្យភៀសខ្លួន ខណៈខ្លួនត្រៀមបង្កើនប្រតិបត្តិការយោធា គ្រួសារខ្លះត្រូវចាកចេញពីតំបន់លំនៅដ្ឋានរបស់ពួកគេជារៀងរាល់ខែដើម្បីគេចចេញពីសម្លាប់រង្គាលផ្សេងៗរបស់ទាហានអ៊ីស្រាអែល នឹងការផ្លោងគ្រាប់មកលើតំបន់ខ្លួនរស់នៅ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃសៅរ៍ថា ពួកគេបានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងយោធារាប់សិបកន្លែងនៅក្នុងទីតាំងផ្សេងៗគ្នា រួមទាំងទីក្រុង Rafah ភាគខាងត្បូង Gaza ដែលជាកម្មសិទ្ធិរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានដាក់ពង្រាយឡើងវិញ នៅក្នុងតំបន់ហ្គាហ្សា ភាគខាងជើងនៃតំបន់ Jabaliya ដោយជំរុញឱ្យមានប្រតិបត្តិការយោធាជាថ្មី៕