Cctimesw1140xh150cm copy

អ្នកបរិច្ចាគសមុច្ច័យ១៩រូប ទទួលបានលិខិតថ្លែងអំណរគុណពីអាជ្ញាធរជាតិអប្សរា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ សប្បុរសជន ១៩រូប ដែលបានស្ម័គ្រចិត្តបរិច្ចាគសមុច្ច័យ ដល់មន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ បានទទួលលិខិតថ្លែងអំណរគុណពីអាជ្ញាធរជាតិអប្សរា។ ក្នុងពេលមកទទួលលិខិតថ្លែងអំណរគុណ ពីអាជ្ញាធរជាតិអប្សរា សប្បុរសជន ដែលជាអ្នកបរិច្ចាគសមុច្ច័យ សប្បាយរីករាយ ក្រោយពីបានឃើញសារមន្ទីរតាំងបង្ហាញនូវសមិទ្ធផលដែលពួកគេបានប្រគល់មក ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា។

អ្នកស្រី តូច រដ្ឋា អាយុ៦០ឆ្នាំ និងអ្នកស្រី គង់ សុភ័ក្រ ពលរដ្ឋរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប បានបរិច្ចាគសំពត់ហូល ដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានឱ្យដឹងថា ពួកគេសប្បាយរីករាយ ក្រោយពេលបានប្រគល់សំពត់ហូល ជារបស់មានតម្លៃក្នុងគ្រួសារ ថែរក្សាទុកជាយូរមកហើយ មកកាន់សារមន្ទីរ។ ពួកគេជឿជាក់ថា សារមន្ទីរអាចថែរក្សាវត្ថុមានតម្លៃទាំងនោះ បន្តទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញនិងស្គាល់នូវសំពត់ ជាស្នាដៃរបស់ចាស់ៗពីដើម ដែលត្បាញដោយផ្ទាល់ដៃ។

លោក សែន គឹមស៊ុន នាយកស្ដីទីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សមុច្ច័យទទួលបានពីសប្បុរសជន ទាំងនៅក្នុងខេត្តនិងបណ្តាខេត្តនានា សរុបចំនួន២១សមុច្ច័យ មានជាប្រភេទ ហូល អន្លួញ ស៊ឹង សំពត់ចរបាប់ អាវកកុតត្រង់ និងប្រភេទសម្លៀកបំពាក់របស់បងប្អូនជនជាតិដើមភាគតិច រស់នៅខេត្តរតនគិរី ដោយសមុច្ច័យទាំងនោះ មានអាយុកាលចន្លោះពី១០ឆ្នាំ ទៅ៥០ឆ្នាំ ភាគច្រើនជារបស់ត្បាញដោយដៃ។

លោក សែន គឹមស៊ុន បានលើកឡើងថា ការបរិច្ចាគសមុច្ច័យរបស់សប្បុរសជន មកកាន់សារមន្ទីរ ជាការបង្ហាញឱ្យឃើញនូវការស្រឡាញ់ ចូលរួមថែរក្សាអត្តសញ្ញាណរបស់ជាតិខ្មែរ។ ប្រសិនបើទុកនៅក្នុងផ្ទះ មិនបានថែរក្សាឱ្យបានត្រឹមត្រូវ សមុច្ច័យទាំងនោះនិងមានការបាត់បង់។ លោកបញ្ជាក់ថា ក្រោយទទួលបានការបរិច្ចាគពីសប្បុរសជន សារមន្ទីរបានយកសមុច្ច័យទាំងនោះមកថែរក្សា ជួសជុល និងដាក់តាំងពិព័រណ៍ ជូនសាធារណៈជនបានទស្សនានិងឈ្វេងយល់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង