ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី ១១ ឧសភានេះ បានសម្រេចបញ្ជូនស្ត្រីម្នាក់ទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយស្ត្រីម្នាក់នេះ បានក្លែងបន្លំជានគរបាលជាតិ និងក្លែងបន្លំជាកូនចៅប្រើប្រាស់ឈ្មោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។
ស្រ្តីសង្ស័យ០១នាក់ឈ្មោះ ឃុត ដាវី អាយុ ៣១ ឆ្នាំ ទីលំនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ប្រើប្រាស់នូវឯកសណ្ឋានប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា ឆបោក ប្រាក់ចំនួន២១,២០០ដុល្លារអាមេរិក (ពីរម៉ឺនមួយពាន់ពីររយ)យករូបថតលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្តឹង រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ៤៣៥០ដុល្លារអាមេរិក កាលពីឆ្នាំ២០២២ បន្លំ (ទិញធូរេនមិនឲ្យប្រាក់ចំនួន២៣១២០០រៀល) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។
នៅថ្ងៃទី១១ ខែឧសភា ស្ត្រីម្នាក់នេះ បានចូលខ្លួនសារភាព ជុំវិញការចោទប្រកាន់បោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋអស់ជាច្រើន និង គ្រងឯកសណ្ឋាននគរបាលជាតិក្លែងបន្លំ ដើម្បីឆបោកប្រជាពលរដ្ឋ។ក្រោយមក ស្នងការនគរបាលរាជធានីភ្នំពេញ និង មានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។
បើតាមស្នងការនគរបាលរាជធានី ការឃាត់ខ្លួនស្រ្តីសង្ស័យសមត្ថកិច្ចអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះ ក្នុងអំពើឆបោកដែលបានប្រព្រឹត្តដោយស្រ្តីសង្ស័យ និងផ្អែកតាមចម្លើយសារភាពចំពោះមុខសមត្ថកិច្ច របស់ស្រ្តីសង្ស័យ៕