ថៃ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត នឹងជាច្រើននាក់ទៀតកំពុងរត់ភៀសខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាព បន្ទាប់ពីអគ្គីភ័យបានឆាបឆេះធុងហ្គាសនៅកំពង់ផែឧស្សាហកម្ម Map Ta Phut ក្នុងខេត្ត Rayong នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ អគ្គីភ័យនៅស្ថានីយ៍ផលិតធុងម៉ាប់តាភុត បានចាប់ផ្តើមឆេះនៅម៉ោងប្រហែល ១០.៣០ នាទីព្រឹក បន្ទាប់ពីឆាបឆេះមានផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅឡើងលើមេឃ។ ហេតុការណ៍នេះបានបណ្តាលឲ្យកម្មករម្នាក់ស្លាប់ នឹងមួយចំនួនទៀតកំពុងតែត្រូវបានសង្រ្គោះបន្ទាន់។
ក្រុមអ្នកជួយសង្គ្រោះ និងក្រុមអ្នកពន្លត់អគ្គិភ័យបានបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះយ៉ាងខ្លាំងខ្លា។ មន្ត្រីបានបិទផ្លូវ ដើម្បីសម្រួលដល់ការឆ្លើយតបពេលមានអាសន្ន និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលកំពុងតែស្ថិតនៅតំបន់រងគ្រោះ។ នាយកអាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ លោក Veeris Ammarapala បាននិយាយថា ភាគល្អិត និងផ្សែងដែលចេញពីភ្លើងមិនទាន់មានផលប៉ះពាល់ដល់សហគមន៍ ឬបរិស្ថាននៅឡើយទេ។ បច្ចុប្បន្ននេះមន្រ្តីជំនាញថៃកំពុងតែធ្វើការពន្លត់ភ្លើង នឹងបើកការស៊ើបអង្គេតជុំវិញនៃការផ្ទុះធុងហ្គាស់ដ៏ធំមួយនេះ៕