ថៃ៖ នាយករដ្ឋមន្ត្រីថៃលោកស្រេថា ថាវីស៊ីនបានគូសបញ្ជាក់ថាប្រទេសថៃនឹងចេញច្បាប់ហាមឃាត់ការប្រើប្រាស់ញ្ឆា នៅចុងឆ្នាំ២០២៤ ដោយបច្ចុប្បន្ននេះនៅថៃ កញ្ឆាកំពុងប្រើប្រាស់យ៉ាងស្របច្បាប់សម្រាប់ការកម្សាន្ត និងការធ្វើអាជីវកម្មរាប់ម៉ឺនកន្លែងនៅក្នុងប្រទេសថៃ។ ការប្រកាសរបស់លោកស្រេថានេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាសុខភាព នឹងការបង្កគ្រោះថ្នាក់ផ្សេងៗពីការប្រើប្រាស់កញ្ឆាលើសកម្រិត។
នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្នុងវិស័យឧស្សាហកម្មកញ្ឆា មានតម្លៃរហូតដល់ ១.២ ពាន់លានដុល្លារ។ នាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវីស៊ីន បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោកចង់ឱ្យក្រសួងសុខាភិបាលធ្វើវិសោធនកម្មច្បាប់ និងចុះបញ្ជីហាមឃាត់ការប្រើប្រាស់កញ្ឆាជាប្រភេទគ្រឿងញៀនខុសច្បាប់។ ក៏ប៉ុន្តែការប្រើប្រាស់កញ្ឆា អាចប្រើបានតែសម្រាប់វិស័យសុខាភិបាល ក្នុងគោលបំណងសុខភាព និងវេជ្ជសាស្ត្រតែប៉ុណ្ណោះ។
អ្នកជំនាញថៃអះអាងថាការហាមឃាត់ប្រើប្រាស់កញ្ឆានេះ នឹងក្លាយជាការផ្លាស់ប្តូរដ៏អាក្រក់បំផុតសម្រាប់សេដ្ឋកិច្ច និងផ្តល់ផលប៉ះពាល់ដ៏ធំដល់អាជីវកម្មខ្នាតតូច និងអ្នកប្រើប្រាស់ក្នុងប្រទេស ដោយសារប្រជាជនជាច្រើនបាននិងកំពុងដាំកញ្ឆា និងបើកហាងកញ្ឆាដើម្បីរកចំណូល៕