ចិន៖ ប្រទេសចិន បានធ្វើបេសកកម្មបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូន Long March-6C ដោយជោគជ័យ ដើម្បីបញ្ចូលថាមពលដើម្បីអភិវឌ្ឍន៍នៃវិស័យឧស្សាហកម្មអវកាស និងពាណិជ្ជកម្មរបស់ប្រទេសចិន ។ រ៉ុក្កែតនេះ ត្រូវបានធ្វើការហោះហើរដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារ នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន ដោយបញ្ជូនផ្កាយរណប Neptune-01 និង Smart-1C ក៏ដូចជាផ្កាយរណបអុបទិកទៅកាន់លំហអាកាស។
រ៉ុក្កែត Long March-6C គឺជាគ្រាប់រ៉ុក្កែត នៃដំណាក់កាលទី២ហើយ ដែលបានបាញ់បង្ហោះដោយប្រើ អុកស៊ីហ្សែនរាវកម្រិតខ្ពស់ ដើម្បីបង្កើននូវកម្លាំងនៃការហោះហើររបស់វា។ ដំណាក់កាលទី១ វាមានអង្កត់ផ្ចិត ៣,៣៥ ម៉ែត្រ ជាមួយនឹងទម្ងន់នៃការហោះឡើងប្រហែល ២១៥ តោន វាអាចផ្ទុកយានអវកាសទម្ងន់ ២,៤ តោនទៅកាន់គន្លងព្រះអាទិត្យ ដែលមានចម្ងាយ ៥០០ គីឡូម៉ែត្រពីផែនដី ហើយអាចសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុផ្សេងៗទៀត។
រ៉ុក្កែត Long March-6Cនេះ គឺជាយានបាញ់បង្ហោះដែលប្រើឥន្ធនៈរាវជំនាន់ថ្មី ដោយផ្តោតទៅលើទីផ្សារពាណិជ្ជកម្មនាពេលអនាគត។ វាមានលក្ខណៈពិសេសក្នុងការកំណត់រចនាសម្ព័ន្ធសាមញ្ញ ភាពជឿនលឿង មិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងថែទាំងមានការឆ្លើយតបរហ័សចំពោះសភាពការណ៍ដែលកំពុងតែកើតមានឡើងនៅលើលំហ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារអវកាសពាណិជ្ជកម្មរបស់ចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញផ្នែកពាណិជ្ជកម្ម និងជួយបង្កើនការអភិវឌ្ឍនៃបច្ចេកវិទ្យា នឹងជីវិតលើលំហរបស់ប្រទេសចិនជាខ្លាំង៕