ភ្នំពេញ៖ ប្រធានគណៈកម្មការនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) កាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភា បានដឹកនាំក្រុមការងាររៀបចំកម្មវិធីពិព័រណ៌ទេពកោសល្យ និងស្នាដៃនិស្សិតសាលារចនា នាំយកអំណោយជូនតាសុីក្លូនៅក្នុងទីក្រុងភ្នំពេញចំនួន១៥០នាក់ ដែលនៅតំបន់ផ្សារកណ្តាល ផ្សារចាស់ ផ្សារអូរឬស្សី ផ្សារថ្មី និងមាត់ទន្លេ។
បើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ ពិព័រណ៍ ទេពកោសល្យ និងស្នាដៃ សាលា រចនា បានឱ្យដឹងថា ប្រធានគណៈកម្មការនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) រួមទាំងនិស្សិតស្ម័គ្រចំនូន១៤រូប បានដឹកនាំក្រុមការងាររៀបចំកម្មវិធីពិព័រណ៌ទេពកោសល្យ និងស្នាដៃនិស្សិតសាលារចនា នាំយកអំណោយជូនតាសុីក្លូនៅក្នុងទីក្រុងភ្នំពេញចំនួន១៥០នាក់ កាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភា។
លោកតាស៊ីក្លូទាំង១៥០ នាក់ ជាអ្នកដែលធាក់ស៊ីក្លូដែលនៅតំបន់ផ្សារកណ្តាល ផ្សារចាស់ ផ្សារអូរឬស្សី ផ្សារថ្មី និងមាត់ទន្លេ។ ក្នុងអំណោយនោះ ក្នុងមួយនាក់ទទួលបានរួមមាន ភួយចំនួន ១ ថវិកាចំនួន ៥០០០រៀល និងទឹកសុទ្ធ ១ យ៉ួ សម្រាប់តាស៊ីក្លូម្នាក់ ។
បើតាមការបង្ហោះជាសាធារណៈនេះ បានបញ្ជាក់ផងដែរថា អំណោយទាំងនេះ គឺបានមកពីការចូលរួមពីសាធារណៈជន ដែលមានសទ្ធាជ្រះថ្លា ក្នុងការបរិច្ចាគថវិកា តាមរយៈប្រអប់មូលនិធិកំឡុងពេលកម្មវិធីតាំងពិព័រណ៌ទេពកោសល្យ និងស្នាដៃនិស្សិត ក្រោមប្រធានបទ «មរតកទាំង ៥ ឆ្នាំ២០២៤» កាលពីថ្ងៃទី ១ ទី ២ ទី ៣ ខែមេសា ឆ្នាំ ២០២៤ សម្រាប់ធ្វើជាអំណោយចែកជូនដល់លោកតា និងអ៊ំៗធាក់ស៊ីក្លូតាមតំបន់ដែលបានរៀបរាប់ខាងលើ៕