Cctimesw1140xh150cm copy

ប្រតិមាសំរឹទ្ធ«ព្រះនារាយណ៍ផ្ទុំ»មកពីប្រាសាទមេបុណ្យ នឹងត្រូវបញ្ជូនទៅជួសជុលនៅបារាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៧ឧសភានេះ បានរៀបចំពិធីនិមន្តព្រះសង្ឃ ប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលនៃការវេចខ្ចប់ និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ ដើម្បីបញ្ជូនយកទៅអភិរក្ស ជួសជុល និងវិភាគស្រាវជ្រាវនៅប្រទេសបារាំង។ ការបញ្ជូនប្រតិមាសំរឹទ្ធដ៏វិចិត្រនេះ គឺជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកទេសមួយរវាងបារាំងនិងកម្ពុជាដែលបានឯកភាពគ្នាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលវេលាដោយសារវិបត្តិកូវីដ១៩។

គម្រោងនេះ នឹងធ្វើការជួសជុលអភិរក្ស និងសិក្សាវិភាគសមាសភាពផ្សំលើប្រតិមាព្រះនារាយណ៍ផ្ទុំ នៅវិទ្យាស្ថានCentre de recherche et de restoration des musées de France (C2RMF) នៃប្រទេសបារាំង ដើម្បីធ្វើការឈ្វេងយល់បន្ថែមពីបច្ចេកទេសដ៏ប៉ិនប្រសព្វនៃការសិតលោហៈខ្នាតធំមហាសាលក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។

លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងបោះពុម្ពផ្សាយយ៉ាងទូលំទូលាយដើម្បីចែករំលែកពីបទពិសោធន៍និងទេពកោសល្យក្នុងការសិតលោហៈនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ក្រៅពីការងារវិភាគបច្ចេកទេស ក្រុមជំនាញនឹងសាកល្បងផ្គុំបំណែកទាំង៣៩ដែលបានដាច់ចេញពីដងខ្លួនអស់រយៈកាលជិត១០០០ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា3Dដើម្បីបានដឹងពីទីតាំងនៃបំណែកទាំងនោះ។

ក្រោយគម្រោងអភិរក្សនិងវិភាគស្រាវជ្រាវនេះបញ្ចប់ ប្រតិមាដ៏វិចិត្រនេះនឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ នឹងមានបន្ថែមរូបចម្លាក់អំពីសំរឹទ្ធចំនួន១២៦ផ្សេងទៀតដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជានាដំណាក់កាលទី២។ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព នឹងរៀបចំនៅសារមន្ទីរជាតិហ្គីមេនាអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ដោយបង្ហាញពី ការវិវឌ្ឍន៍បច្ចេកទេសនៃការសិតលោហៈក្នុងអារ្យធម៌ខ្មែររាប់ចាប់ពីសម័យបុរេប្រវត្តិសាស្រ្តដល់សម័យក្រោយអង្គរ។

ក្រោយបញ្ចប់ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរហ្គីមេ ប្រតិមានេះនឹងបន្តដំណើរទៅដាក់តាំងនៅប្រទេសអាមេរិកចំនួន៣ទីតាំងបន្ថែមទៀត។ ការធ្វើដំណើររបស់ប្រតិមាព្រះនរាយណ៍ផ្ទុំដែលជាអាទិទេពព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជាការនាំយកនូវទេពកោសល្យល្អឯកនៃបច្ចេកទេសសិតលោហៈដ៏អស្ចារ្យរបស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ឲ្យសាធារណជនបានឈ្វែងយល់បន្ថែមពីភាពឧត្តុងឧត្តមខ្ពង់ខ្ពស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង