Cctimesw1140xh150cm copy

«ប្រព័ន្ធបញ្ជរតែមួយជាតិ»ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាព្រឹកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ប្រព័ន្ធនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកនេះ។

បើតាមអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា សភាពាណិជ្ជកម្មកម្ពុជាគាំទ្រនូវបច្ចេកវិទ្យាទំនើប ជាពិសេស«ប្រព័ន្ធបញ្ជរតែមួយជាតិ» ផ្តល់អត្ថប្រយោជន៍ដល់វិស័យឯកជនក្នុងការចុះបញ្ជីបានងាយស្រួល ជំរុញកាន់តែលឿន កាន់តែឆាប់រហ័ស ពាក់ព័ន្ធសេវាសាធារណៈរបស់រដ្ឋដែលវិស័យឯកជនចង់បានបំផុត។

«ប្រព័ន្ធបញ្ជរតែមួយជាតិ» អនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេឡិចត្រូនិក។

«ប្រព័ន្ធបញ្ជរតែមួយជាតិ» ក៏មានមុខងារដ៏សំខាន់ ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ, ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។

ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន ទាំងសម្រាប់វិស័យសាធារណៈ និងវិស័យឯកជន។ សម្រាប់វិស័យសាធារណៈ ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការ រវាងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបន្ថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម។ ជាពិសេសសម្រួលដល់ការបំពេញឱ្យបានឆាប់នូវបែបបបទនាំចេញ-នាំចូលទំនិញ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយ របស់រាជរដ្ឋាភិបាល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង