ព្រះវិហារ៖ ការជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលមានទីតាំងនៅក្នុងឃុំឆែប ១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ បានចាប់ផ្ដើមនាថ្ងៃទី៥ ឧសភា នេះ។ ការជីកប្រឡាយនេះ នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់សត្វគ្រប់ប្រភេទ ដែលរស់នៅក្នុងឧទ្យាន ក៏ដូចជាបក្សាបក្សីទាំងឡាយ ដែលត្រូវការទឹកផឹកសម្រាប់ការរស់នៅ។
លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនេះ មានសារៈសំខាន់ណាស់សម្រាប់ការអភិរក្សព្រៃឈើ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយដែលនឹងទទួលបានប្រយោជន៍យ៉ាងច្រើន ដោយសារតែការអភិរក្សព្រៃឈើរបស់មនុស្សជំនាន់នេះ។ ការជីកប្រឡាយនេះ ក៏នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់សត្វគ្រប់ប្រភេទ ដែលរស់នៅក្នុងឧទ្យាន ក៏ដូចជាបក្សាបក្សី ដែលត្រូវការទឹកផឹកសម្រាប់ការរស់នៅ។
លើសពីនេះ ប្រជាពលរដ្ឋដែលរស់នៅជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា អាចទាញយកប្រយោជន៍ផ្សេងៗគ្នាពីការអភិរក្សព្រៃឈើរបស់ឧទ្យាន ហើយកិច្ចការនេះទាមទារឱ្យមានការចូលរួមពីសំណាក់ពលរដ្ឋកម្ពុជាគ្រប់រូប ព្រោះការការពារព្រៃឈើនេះ គឺមានបញ្ហាប្រឈមច្រើនណាស់ ដោយហេតុថា ពលរដ្ឋមួយចំនួនបានកាប់ឈើលក់ដើម្បីទទួលប្រាក់សម្រាប់ការជីវិតប្រចាំថ្ងៃ។
សូមបញ្ជាក់ថា ថវិកានៃការជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជានេះ គឺជាថវិកាដែលបានមកពីការចូលរបស់សប្បុរសជននានា ក្នុងប្រទេសកម្ពុជាដែលមានរួមថា្នក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជនខ្មែរដែលមានចិត្តចង់អភិរក្សព្រៃឈើនៅក្នុងប្រទេសកម្ពុជា ហើយរហូតមកដល់ពេលនេះថវិកាសម្រាប់ការជីកប្រឡាយនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយរាជបណ្ឌិត្យសភាកម្ពុជានៅតែទទួលថវិកាពីសប្បុរសជនដែលចង់ចូលរួមជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជាក្នុងការជីកប្រឡាយនេះផងដែរ៕