Cctime 6monthsfree desktop
Cc times  web banner kh (2)

ពលរដ្ឋជាង២ម៉ឺននាក់ចុះសមាជិករ«ប.ស.ស.»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គិតត្រឹមខែមេសា ២០២៤នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួន ២១៣ ១៤៨នាក់។ នេះបើតាមលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នាថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៤នេះ។

បើតាមលោក ហេង សុផាន់ណារិទ្ធ ក្នុងចំណោមសមាជិក របបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុប ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ១៦៧ ៩១៣នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៤៥២៣៥នាក់។ រហូតមកទល់ពេលនេះសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត បានទៅប្រើប្រាស់សេវាមានចំនួន១៨៤១ ៨៦ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ៨ ៤៤០លានរៀល។

លោកបន្ថែមថា ចាប់តាំងពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ខែ វិច្ឆិកា២០២៣កន្លងទៅនេះ ក្រសួងការងារ បានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ។

គិតមកដល់ពេលនេះ បានចុះយុទ្ធនាការតាម ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសសរុបចំនួន ៤ ៨៥០លើក ដែលមានអ្នកចូលរួមចំនួន ១ ៤០៨ ៩៧៥នាក់ និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ៦១ ៤១៣ដង និងចំនួនចូលទស្សនា ៥ ២៩៧ ១៤០ដងបន្ថែមទៀត។

លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស. ។ លោកពន្យល់បន្ថែមថា កុមារ ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីពេទ្យសាធារណ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិតបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនឹងផ្តល់ប្រាក់វិភាជន៍បូជាសព៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង