Yearendyearend1140x150

យុវជនមួយក្រុម បង្កើតកម្មវិធីសប្បុរសធម៌ជួយ«អ្នកធាក់ស៊ីក្លូ»ចំនួន៤០ នាក់ កាលពីថ្ងៃ ២៨ មេសា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនមួយក្រុម ផ្តួចផ្តើមគំនិតក្នុងការបង្កើតគម្រោង «ក្រុមយុវជនដើម្បីពន្លឺ និងស្នាមញញឹម» និងបានធ្វើកម្មវិធីសប្បុរសធម៌ក្នុងពិភពស៊ីក្លូដំបូងរបស់ខ្លួន កាលពីថ្ងៃ ២៨ មេសា ឆ្នាំ២០២៤ ដោយបានផ្តល់ជូនទឹកប្រាក់ អាហារ និងសម្ភារៈមួយចំនួនទៅកាន់អ្នកធាក់ស៊ីក្លូប្រមាណ ៤០ នាក់។

បើតាម យុវជន តាមអៀង ដែលជាសហស្ថាបនិកនៃគម្រោងនេះ បានឱ្យដឹងថា «ក្រុមយុវជនដើម្បីពន្លឺ និងស្នាមញញឹម» ជាគម្រោងមួយដែលបង្កើតឡើងដោយយុវជន បីរូប ក្នុងគោលបំណងរួមចំណែកជួយលើកតម្កើងភាពចម្រើន និងគុណភាពជីវិតក្នុងសង្គម សម្រាប់បុគ្គល ឬ តួអង្គខ្វះខាតក្នុងសង្គម តាមរយៈការចូលរួមក្នុងកិច្ចការផ្សេងៗដូចជា កម្មវិធីសប្បុរសធម៌ កម្មវិធីលើកស្ទួយសុខភាព សមភាពយេនឌ័រ និងផ្សេងៗទៀតដែលឆ្លើយតបទៅនឹងបញ្ហាដែលយុវជនភាគច្រើនជួបប្រទះ។

យុវជនបីរូបដែលបានបង្កើតគម្រោងនេះមានដូចជា កៅ តាយអៀង , អឹុម មុន្នីសូម៉ាវត្តីន៍, វណ្ណៈ សុធានាថ។ យុវជនទាំងបីរូបជានិស្សិតដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នាមានក្តីស្រមៃតែមួយក្នុងការចូលរួមចំណែកដើម្បីបង្កើតឱ្យមានផលវិជ្ជមាននៅក្នុងសង្គម។ យុវជនទាំងបីរូបបានបន្តទៀតថា មូលហេតុដែលខ្លួនបានបង្កើតកម្មវិធីសប្បុរសធម៌ស៊ីក្លូនេះឡើងគឺដោយសារតែ ក្រុមរបស់ខ្លួនបានយល់ឃើញថា សព្វថ្ងៃនេះ ខ្លួនបានសង្កេតឃើញថាចំណូលរបស់អ្នកធាក់ស៊ីក្លូមានភាពមិនទៀតទាត់ដោយសារតែមានការពឹងផ្អែកលើភ្ញៀវទេសចរណ៍ លើសពីនេះ មួយរយៈចុងក្រោយនេះ អាកាសធាតុក្តៅខ្លាំងដែលធ្វើឱ្យចំនួនអ្នកធាក់ស៊ីក្លូកាន់តែមានការធ្លាក់ចុះទៀតផង ដូចនេះ ក្រុមយុវជន សង្ឃឹមថាសកម្មភាពមួយនេះ អាចជួយសម្រាលអ្នកធាក់ស៊ីក្លូបានមួយគ្រាផងដែរ។

យុវជន តាយអៀន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កាលពីថ្ងៃទី ២៨មេសា ឆ្នាំ២០២៤ នេះ ក្រុមយុវជនរបស់ខ្លួនទាំងបីរូប និងយុវជនស្ម័គ្រចិត្តចំនួន ៦នាក់ផ្សេងទៀត បានទៅកាន់ទីតាំងសមាគមស៊ីក្លូកម្ពុជា ក្នុងរាជធានីភ្នំពេញ ហើយបានផ្តល់ជូនជាទឹកប្រាក់មួយចំនួន បាយមួយប្រអប់ ទឹកសុទ្ធមួយដប ភេសជ្ជៈប៉ូវកម្លាំងមួយកំប៉ុង ប្រេងកូឡាមួយដប ក្នុងមួយនាក់ រួមទាំងសម្លៀកបំពាក់មួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌នេះ ត្រូវបានធ្វើឡើងដោយការផ្សព្វផ្សាយទៅកាន់សាធារណជនតាមរយៈបណ្តាញសង្គមចាប់តាំងពីថ្ងៃ ៣១ មីនា ដល់ ថ្ងៃ ២៦ មេសា ឆ្នាំ២០២៤ ដែលជាសរុបបានថវិកាប្រមាណ ៣២២.៤ ដុល្លារ បូកផ្សំជាមួយនឹងអាហារ និងសម្ភារៈផ្សេងៗទៀត៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង