Cctimesw1140xh150cm copy

«ខឿនព្រះលានជល់ដំរី»គ្រោងបញ្ចាប់ការជួសជុល ចុងឆ្នាំ២០២៤នេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) គ្រោងបញ្ចាប់ការជួសជុលខឿនរបស់ព្រះលានជល់ដំរី នៅចុងឆ្នាំ២០២៤ខាងមុខ។ ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង រួមមានទីតាំងA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១។

អ្នកស្រី សៀង សុផានី អ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុលព្រះលានជល់ដំរីទីតាំងA បានឱ្យដឹងថា ការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលកម្រាលថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីកការជួសជុលកម្រាលនៅទិសខាងត្បូងប្រវែង ៣ម៉ែត្របន្ថែមទៀត ដើម្បីបញ្ចៀសការស្រុតហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ នឹងរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើតនៃព្រះលានជល់ដំរីបានចំនួន ៥រួតផងដែរ។

ជាមួយគ្នានោះ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ក៏បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ដាក់ត្រឹមត្រូវតាមលំនាំដើមបាន៩០ភាគរយហើយ។ ចំណែកឯផ្នែកកម្រាលខាងលើ ក្រុមការងារកំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹកទៅតាមអនុសាសន៍របសក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគប៉ុណ្ណោះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង