
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់គណកម្មធិការសុខាភិបាលខេត្តហឺណានប្រទេសចិននៅថ្ងៃនេះថា មានជនជាតិចិន៣នាក់ត្រឡប់ពីភ្នំពេញទៅដល់ប្រទេសចិនរួចបានរកឃើញថា មានវិជ្ជមានវីរុសកូវីដ១៩ ហើយពួកគេសុទ្ធតែចាត់ទុកថា ជាអ្នកឆ្លងដែលមិនមានចេញរោគសញ្ញាអ្វីឡើយ។
យោងតាមរបាយការណ៏ចុះផ្សាយថា ជនជាតិចិនទាំង៣នាក់រួមមាន៖ បុរសត្រកូលពី(Bi)ដែលមានអាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តហ៊ឺណាន បុរសត្រកូលលី អាយុ២៨ឆ្នាំ ជាអ្នកស្រុកខេត្តហុកគៀន និងបុរសត្រកូលវ៉ាង អាយុ២៦ឆ្នាំ ជាអ្នកស្រុកខេត្តស៊ីឈួនប្រទេសចិន។
បុរសជនជាតិទាំង៣នាក់នេះ បានធ្វើដំណើរពីទីក្រុងភ្នំពេញប្រទេសកម្ពុជាតាមជើងយន្តហោះ CA746ទៅកាន់ទីក្រុងចឹងចូវ ខេត្តហឺណានប្រទេសចិនកាលពីថ្ងៃទី៩ខែកញ្ញា ហើយនៅថ្ងៃទី១០ខែកញ្ញាលទ្ធផលតេស្តកូវីដ១៩ របស់ពួកគេគឺវិជ្ជមាន។
បន្ទាប់ពីពួកគេបានចូលដល់ប្រទេសចិន គឺគ្មានគ្រុនក្តៅ ក្អកនិងរោគសញ្ញាសង្ស័យផ្សេងៗឡើយ យោងតាមបទបញ្ញត្តិនៃការគ្រប់គ្រងដែលកំពុងអនុវត្តន៍ ពួកគេទាំងបីនាក់នេះចាត់ទុកថា ជាអ្នកឆ្លងជំងឺកូវីដ១៩ ដែលមិនមានចេញរោគសញ្ញាអ្វីឡើយ។
បច្ចុប្បន្នជនជាតិចិនទាំង៣ត្រូវបានដាក់អោយព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាល។ ចំណែកឯអ្នកដែលរួមដំណើរក្នុងជើងយន្តហោះទាំងអស់ត្រូវបានដាក់អោយនៅដាច់ដោយឡែកដើម្បីធ្វើការឃ្លាំមើលតាមដានសុខភាពបន្តទៀត។
ទាក់ទងនឹងករណីនេះ ក្រុមការងារនៃសារព័ត៌មានស៊ីស៊ីថាមស៍ បានទាក់ទងទៅក្រសួងសុខភិបាល ដើម្បីបញ្ចាក់អោយបានកាន់តែប្រាស់ចំពោះរឿងនេះ។តាមរយៈខ្សែទូរស័ព្ទ លោកជំទាវវេជ្ជបណ្តិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា លោកជំទាវមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ៕
.jpg?1599797778)